ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២

​ពីរ​រើសយក​តែមួយ ! ក្រសួងមហាផ្ទៃ​សម្រេច​លុបឈ្មោះ គណបក្ស​អនាគតជាតិ ចេញពី​បញ្ជី​គណបក្សនយោបាយ

​ក្រសួងមហាផ្ទៃ​បានសម្រេច​លុបឈ្មោះ គណបក្ស​អនាគតជាតិ ដែលមាន​លោក ឃីម ឡា​គី ជា​តំណាង​ស្ថាបនិក​គណបក្ស ចេញពី​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ ដោយ​ប្រកា​សលេខ​២១៨៤​ប្រក ចុះ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២២ បន្ទាប់ពី​លោក ឃីម ឡា​គី បាន​ចាក​ចេញពី​ភាពជា​អ្នកតំណាង​ស្ថាបនិក​គណបក្សនយោបាយ​មួយ​នេះ​ទៅ​ចុះចូល​បម្រើ​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន វិញ ។​

​គណបក្ស​អនាគតជាតិ សរសេរ​កាត់​ថា «​គ​.​អ​.​ជ​-NFP» ត្រូវបាន​បង្កើតឡើង និង​មានការ​ទទួលស្គាល់​តាម​ស្មារតី​លិខិត​២៤០៧​សជណ ចុះ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​របស់​ក្រសួងមហាផ្ទៃ ដែលមាន​លោក ឃីម ឡា​គី ជា​តំណាង​ស្ថាបនិក​គណបក្ស ។ ប៉ុន្តែ​ក្រោយមក លោក ឃីម ឡា​គី ក៏បាន​សម្រេចចិត្ត​ទៅ​ចុះចូល​បម្រើ​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន (Candlelight Party-CLP) វិញ ដោយ​បានធ្វើ​សកម្មភាព​យ៉ាងសកម្ម​នៅក្នុង​គណបក្ស​ភ្លើងទៀន នាឱកាស​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​បណ្តោះអាសន្ន​ប្រចាំខេត្ត​កណ្តាល ។​

​លោក ឃីម ឡា​គី អាយុ​៤៧​ឆ្នាំ អតីត​ជា​អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ហើយ​រូបលោក​ក៏​ត្រូវបាន​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​រយៈពេល​៥​ឆ្នាំ ដំណាលគ្នា​នឹង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​អំណាច​សាលដីកា​លេខ​៣៤០(​ឆ​) ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​របស់​តុលាការ​កំពូល ។

​ក្រោយមក ដោយមាន​ការយល់ព្រម​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅលើ​សំណើ​របស់លោក ឃីម ឡា​គី ដែល​ស្នើសុំ​ឲ្យ​មានការ​ផ្តល់​នីតិសម្បទា​ក្នុង​ការធ្វើសកម្មភាព​ន​យោ​បាយ​ឡើងវិញ​នោះ លោក ឃីម ឡា​គី ក៏ត្រូវ​បានផ្តល់​នីតិសម្បទា​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ តាម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៨២១/៥៨៧ ចុះ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២១ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.