លេចចេញករណីគួរឲ្យចាប់អារម្មណ៍ពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីដីធ្លីនៅខេត្តកណ្តាល គឺមានអ្នកស្នើសុំដាក់ពាក្យសុំចុះបញ្ជីដីបំពេញបន្ថែមនៅភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយដាក់ពាក្យគោរពជូនត្រង់ទៅឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្តាលតែម្តង ពោលមិនអនុវត្តនីតិវិធីដាក់ពាក្យគោរពជូនប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល (ដនសភ) ស្រុកកណ្តាលស្ទឹង តាមរយៈមេឃុំ ដូចជាករណីធម្មតានោះឡើយ ។

ព័ស្តុតាងជាក់ស្តែងបានបង្ហាញឲ្យឃើញថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ លោក កាំង ហុក និងអ្នកស្រី ឌៀប លីគាង (ប្តី-ប្រពន្ធ) មានទីលំនៅបច្ចុប្បន្ន សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ បានដាក់សំណើសុំចុះបញ្ជីបំពេញបន្ថែមនូវផ្ទៃដីទំហំជាង២ហិកតា ស្ថិតនៅភូមិជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គោរពជូនត្រង់ទៅឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្តាលតែម្តង ។

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានធ្វើចំណារនៅលើលិខិតសំណើរបស់ឈ្មោះ កាំង ហុក និងឈ្មោះ ឌៀប លីគាង មានខ្លឹមសារថា «ជូន ៖ -មន្ទីរ ដនសស, -អភិបាលស្រុក ពិនិត្យ-របាយការណ៍មកអភិបាលខេត្ត ។» ។

ក្រឡេកមកមើលរដ្ឋបាលឃុំកណ្តោកឯណោះវិញ គឺទោះបីម្ចាស់សំណើមិនបានដាក់ពាក្យសុំចុះបញ្ជីដីធ្លីតាមរយៈរដ្ឋបាលឃុំក៏ដោយ និងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្តាល មិនបានធ្វើចំណារជូនមកមេឃុំកណ្តោកធ្វើរបាយការណ៍ក៏ដោយ ក៏លោក ហេង ចាន់ អាយុ៦៩ឆ្នាំ ជាមេឃុំ បានធ្វើរបាយការណ៍លេខ១៤៣/២២រ.ប.ក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ គោរពជូនលោកអភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អំពីសំណើសុំចុះបញ្ជីបំពេញបន្ថែមនូវផ្ទៃដីរបស់ឈ្មោះ កាំង ហុក និងឈ្មោះ ឌៀប លីគាង ដោយយោងលិខិតសំណើរបស់ឈ្មោះ កាំង ហុក និងឈ្មោះ ឌៀប លីគាង និងចំណារចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២របស់ឯកឧត្តមអភិបាលខេត្តកណ្តាលទៅវិញ (Sic!) ។

បន្ទាប់មក រដ្ឋបាលស្រុកកណ្តាលស្ទឹងដែលមានលោក អ៊ូច សៅវឿន ជាអភិបាល នៃគណៈអភិបាល ដោយយោងតាមរបាយការណ៍របស់រដ្ឋបាលឃុំកណ្តោកផងនោះ ក៏បានធ្វើរបាយការណ៍លេខ០៤០/២២រ.ប.ក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ គោរពជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្តាល អំពីសំណើសុំចុះបញ្ជីបំពេញបន្ថែមនូវផ្ទៃដីរបស់ឈ្មោះ កាំង ហុក និងឈ្មោះ ឌៀប លីគាង ដែលមានខ្លឹមសារថា «ទីតាំងដីដែលស្នើសុំខាងលើមានស្ថានភាពជាក់ស្តែងមិនមែនជាប្រភពទឹកក្នុងការប្រើប្រាស់ជាដីទំនាប ។ ហើយ ដោយសារចំណុចដីនេះជាដីទំនាប កាន់កាប់ អាស្រ័យផលជាច្រើនឆ្នាំមកហើយ ទន្ទឹមនឹងនេះម្ចាស់ធ្វើសំណើ បានគ្រប់គ្រង កាន់កាប់ អាស្រ័យផលជាក់ស្តែងមកដល់បច្ចុប្បន្នលើដីនេះពិតប្រាកដមែន ដោយមិនមានតតិយជនណាមកតវ៉ាអ្វីឡើយ ដែលគួរពិនិត្យអំពីការផ្តល់ជាដីរបស់ឯកជន ។ កន្លងមក ទីតាំងដីទំនាបនេះជាប់នឹងចំណុចកណ្តលនៃដីដែលមានកម្មសិទ្ធិរបស់អ្នកស្នើសុំចុះបញ្ជីបំពេញបន្ថែមនូវផ្ទៃដីដែលបាន និងកំពុងគ្រប់គ្រង កាន់កាប់អាស្រ័យផលជាក់ស្តែង ។» (Resic!) ។

នៅទីបំផុត ដោយយោងតាមរបាយការណ៍លេខ០៤០/២២ រ.ប.ក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២របស់រដ្ឋបាលស្រុកកណ្តាលស្ទឹង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក៏បានចេញលិខិតលេខ៤៦៣សជណ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ជម្រាបជូនលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងន័យបញ្ជាក់ថា «…រដ្ឋបាលខេត្តឯកភាពលើរបាយការណ៍របស់រដ្ឋបាលស្រុកកណ្តាលស្ទឹង និងប្រគល់ភារកិច្ចជូនលោកប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ពិនិត្យ និងអនុវត្តចុះបញ្ជីដីបំពេញបន្ថែមជូនម្ចាស់សំណើ ស្របតាមនីតិវិធីជាធរមាន ។ » ។

មជ្ឈដ្ឋានអ្នកតាមដានកិច្ចការច្បាប់ និងសង្គមនៅកម្ពុជាបានបញ្ចេញទស្សនៈថា ករណីប្រជាពលរដ្ឋជាម្ចាស់សំណើសុំចុះបញ្ជីដីធ្លីដោយដាក់ពាក្យស្នើសុំទៅរដ្ឋបាលខេត្តកណ្តាលត្រង់ផ្ទាល់តែម្តង «ដើម្បីសុំចំណារពីថ្នាក់លើ ទម្លាក់មកឲ្យថ្នាក់ក្រោមធ្វើរបាយការណ៍» ដោយរំលងអាជ្ញាធរមូលដ្ឋាន និងការិយាល័យ ដនសភ ស្រុកកណ្តាលស្ទឹង ព្រមទាំងបើពិនិត្យទៅលើទម្រង់បែបបទខ្លឹមសារនៃរបាយការណ៍របស់រដ្ឋបាលឃុំកណ្តោក និងរដ្ឋបាលស្រុកកណ្តាលស្ទឹង គឺអាចជាហេតុផលឲ្យគេផ្តោតអារម្មណ៍ថា «មានមន្ត្រីរៀបចំឈុតឆាកបែបនេះជាស្រេច» ។
ស្រទាប់មន្ត្រីរាជការមូលដ្ឋានក៏បានដាក់ការសង្ស័យពាក់ព័ន្ធនឹងករណីនេះដែរថា អាចជាគំនិតផ្តួចផ្តើមចេញពីអនុប្រធានការិយាល័យ ដនសភ ស្រុកកណ្តាលស្ទឹង ដ៏មានឥទ្ធិពលម្នាក់ គឺលោក អេង សុភាព ដែលជាមន្ត្រីសម្បូរ «ក្បាច់គុន ល្បិចកល» ខាងស្វែងរកផលប្រយោជន៍សម្បើមខ្លាំងណាស់ ជាមួយនឹងក្រុមបក្ខពួក ។
សេចក្តីរាយការណ៍ពីមជ្ឈដ្ឋានប្រជាពលរដ្ឋរស់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានឲ្យដឹងថា ករណីសុំចុះបញ្ជីបំពេញបន្ថែមនូវផ្ទៃដីរបស់ឈ្មោះ កាំង ហុក និងឈ្មោះ ឌៀប លីគាង ដូចបានលើកឡើងខាងលើ គឺមានការពាក់ព័ន្ធនឹងដីធ្លីដែលមានប្រវត្តិជាដីអូរធម្មជាតិ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ប៉ុន្តែលោក អេង សុភាព អនុប្រធានការិយាល័យ ដនសភ ស្រុកកណ្តាលស្ទឹង ដ៏មានឥទ្ធិពល និងលោក អ៊ូច សៅវឿន អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង មិនខ្វល់អើពើចំពោះការបាត់បង់ដីធ្លីដែលមានប្រវត្តិជាដីអូរធម្មជាតិ ជាសម្បត្តិសាធារណៈរបស់រដ្ឋនោះឡើយ ហើយបណ្តែតបណ្តោយ និងជំរុញឲ្យដីធ្លីជាសម្បត្តិសាធារណៈរបស់រដ្ឋក្លាយទៅជាដីធ្លីសម្បត្តិបុគ្គលឯកជនជាហូរហែ ថ្នូរជាមួយនឹងផលប្រយោជន៍ដាក់ហោប៉ៅរៀងៗខ្លួន ៕