ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២

​ថ្ងៃនេះ ២៥​ឆ្នាំមុន ! ថ្ងៃទី​០៥-០៦ កក្កដា ១៩៩៧ ជា​សង្គ្រាម​មួយ​ចម្អិន​កំពឹស​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​

​សំឡេង​គ្រាប់កាំភ្លើង​តូច ធំ បាន​លាន់​កក្រើក​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ជាមួយនឹង​ផ្សែង​ខ្មួលខ្មាញ់ ដោយ​ការឆេះ​ស្ថានីយ៍​ប្រេងឥន្ធនៈ ហាង​លក់ទំនិញ និង​ឆេះ​ខូចខាត​រថពាសដែក​…​ទិដ្ឋភាព​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ធ្លាប់តែ​អ៊ូអរ បែរ​ក្លាយជា​ស្ងប់ស្ងាត់​មនុស្ស​បណ្ដើរៗ ដោយ​ការ​ភៀសខ្លួន​ចាកចេញ​ទៅតាម​បណ្ដា​ខេត្ដ​សុវត្ថិភាព​ផ្សេងៗ ហើយ​ជំនួស​មកវិញ​ដោយ​ការ​ចល័ត​កម្លាំង​ទ័ព​ប្លែកៗ​តែប៉ុណ្ណោះ​…​។ នោះ គឺជា​ព្រឹ​ត្ដិ​ការណ៍​សង្គ្រាម​បង្ហូរឈាម​មួយ​ចម្អិន​កំពឹស​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ថ្ងៃទី​០៥-០៦ ខែកក្កដា ឆ្នាំ​១៩៩៧ ដែល​កន្លងផុតទៅ​អស់​រយៈពេល​២៥​ឆ្នាំ​មកហើយ ។​

​ក្រោយ​កិច្ចព្រមព្រៀង ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួមមួយ​នៃ​ជម្លោះ​កម្ពុជា ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ (​ហៅ​កាត់​ថា​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា​) និង​ក្រោម​ការរៀបចំ​ដោយ​អាជ្ញាធរ​បណ្ដោះអាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (​ហៅ​កាត់​ថា UNTAC-​អ៊ុនតាក់​) ជាមួយនឹង​ទឹកប្រាក់​ចំនួន​ជាង​២ ០០០​លាន​ដុល្លារ​អាមេរិក កម្ពុជា​បាន​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​១ (១៩៩៣ -១៩៩៨) របស់ខ្លួន​នៅ​ឆ្នាំ​១៩៩៣ គឺ​លទ្ធផល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្ដេច​ក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ (​កាលណោះ​នៅ​ជា​ព្រះអង្គម្ចាស់​) ទទួលបាន​ចំនួន ៥៨​អាសនៈ ឈ្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​អស់​រយៈពេល​១៤​ឆ្នាំ ពី​ឆ្នាំ​១៩៧៩​មក ដែល​ទទួលបាន​ចំនួន ៥១​អាសនៈ នៅក្នុង​អាសនៈ​រដ្ឋសភា​សរុប​ចំនួន​១២០ ខណៈដែល​មិនមាន​ការចូលរួម​បោះឆ្នោត​ពី​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) នោះឡើយ ។​

​លទ្ធផល​នៃ​ការ​ចាញ់ឆ្នោត​ដ៏​ជូរចត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជំរុញឱ្យមាន​ការ​យន្ដកា​រ​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ (​ព្រោះ​ក្រោយ​ការ​ចាញ់ឆ្នោត​លេចចេញ​មានការ​បង្កើត​តំបន់អបគមន៍​) ហើយ​ក៏បាន​បង្កើតជា​រាជរដ្ឋាភិបាលចម្រុះ​ដែលមាន​សហនាយករដ្ឋមន្ដ្រី (​នាយករដ្ឋមន្ដ្រី​ពីរ​) ដ៏​ចម្លែក​នៅលើ​ពិភពលោក (​សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ ជា​នាយករដ្ឋមន្ដ្រី​ទី​១ និង​សម្ដេច ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី​ទី​២) ខណៈដែល​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ទ្រង់​គង់​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២ ។​

​ដោយ​ការ​អនុវត្ដ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា​មិនបាន​ពេញលេញ ទើប​រដ្ឋសភា​នីតិកាល​ទី​១​បានអនុម័ត​បង្កើត​ច្បាប់​ស្ដីពី​ការដាក់​ក្រុម «​កម្ពុជា​ប្រជាធិបតេយ្យ​» ឱ្យនៅ​ក្រៅច្បាប់ នា​ដើមខែ​កក្កដា ឆ្នាំ​១៩៩៤ ដែល​នៅពេលនោះ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ដែលជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មិនបាន​សព្វព្រះរាជហឫទ័យ​ទៅលើ​ច្បាប់​នេះ​ទេ ។​

​ថ្វី​ដ្បិត​មានច្បាប់​ស្ដីពី​ការដាក់​ក្រុម «​កម្ពុជា​ប្រជាធិបតេយ្យ​» ឱ្យនៅ​ក្រៅច្បាប់​ក៏ដោយ ក៏​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងពីរ​បាន​ប្រកួតប្រជែង​គ្នា​ធ្វើការ​ទាក់ទាញ​ឱ្យកម្លាំង​ខ្មែរក្រហម (​ក្រុម​កម្ពុជា​ប្រជាធិបតេយ្យ​) ធ្វើការ​ចុះចូល ដោយ​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី​ទី​២ ទាក់ទាញ​តាមរយៈ​លោក អៀង សារី រហូតដល់​មានការ​លើកលែងទោស​ឱ្យ​លោក អៀង សារី ទៀតផង ដើម្បី​ជន្ល​បំបែក​កម្លាំង​ពួក​ឧទ្ទាម​សេសសល់ រីឯ​សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ នាយករដ្ឋមន្ដ្រី​ទី​១ ខំប្រឹង​ទាក់ទាញ​ក្រុម​លោក ខៀវ សំផន​, នួន ជា ដែល​គេ​ចាត់ទុកថា​ជា​ក្រុមខ្មែរក្រហម​ក្បាលរឹង​ចុងក្រោយ ។ បញ្ហា​ទាក់ទាញ​ក្រុមខ្មែរក្រហម​ឱ្យ​ចុះចូល​នេះ ធ្វើឱ្យ​នាយករដ្ឋមន្ដ្រី​ទាំងពីរ​ប្រទាញប្រទង់​គ្នា​យ៉ាងខ្លាំង​ក្នុង​កម្រិត​ចង់​ឈ្នះ​ចាញ់ ដើម្បី​ពង្រឹង «​តុល្យភាព​កម្លាំង​» រៀងៗ​ខ្លួន ។​

​នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​១៩៩៧ អាវុធ​គ្រប់​ធុន​មាន​ទម្ងន់​ជិត​៣​តោន ត្រូវ​សមត្ថកិច្ច​ចាប់បាន​នៅ​ខេត្ដ​ព្រះសីហនុ ដោយ​សមត្ថកិច្ច​អះអាងថា ជា​អាវុធ​នាំចូល​ដោយ​សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ នាយករដ្ឋមន្ដ្រី​ទី​១ តាម​ច្រក​កំពង់ផែ​ក្រុងព្រះសីហនុ ។

​ទីបំផុត ព្រឹ​ត្ដិ​ការណ៍​ផ្ទុះអាវុធ​ដែលជា «​សង្គ្រាម​បង្ហូរឈាម​មួយ​ចម្អិន​កំពឹស​» នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ជា​បេះដូង​នៃ​ប្រទេស បាន​កើតមានឡើង​នៅ​ថ្ងៃទី​០៥-០៦ ខែកក្កដា ឆ្នាំ​១៩៩៧ ខណៈដែល​សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ នាយករដ្ឋមន្ដ្រី​ទី​១ យាង​ទៅ​គង់​នៅឯ​បរទេស​រួចជាស្រេច ។ ក្នុង​ព្រឹ​ត្ដិ​ការណ៍ និង​ក្រោយ​ព្រឹ​ត្ដិ​ការណ៍​សង្គ្រាម​បង្ហូរឈាម​នេះ មាន​ឧត្ដមសេនីយ៍​យោធា និង​ប៉ូលិស​ដែល​ស្និទ្ធ និង​គាំទ្រ​សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ ជាច្រើន​នាក់ ដូចជា​លោក លី សេងហុង​, លោក ក្រួច យឿ​ម​, លោក ចៅ សម្បត្ដិ ហៅ​ង៉ូ​វ និង​លោក ហូ សុខ ជាដើម​…​។​ល​។ ត្រូវបាន​ស្លាប់បាត់​បង់ជីវិត រួមទាំង​យោធា​ខ្មែរក្រហម​ម្នាក់​ឈ្មោះ ភុ​ន ភាព ដែល​ដើរតួ​ជា​អ្នកក្លាហាន​ក្នុង​សង្គ្រាម​កណ្ដាល​រាជធានី​ភ្នំពេញ និង​ជា​អ្នក​ចេញមុខ​បកអាក្រាត​ផែនការ​របស់​សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ ក្នុងការ​ទាក់ទាញ​កម្លាំង​ខ្មែរក្រហម​នោះ ក៏ត្រូវ​ស្លាប់​ដែរ ។​

​ព្រឹ​ត្ដិ​ការណ៍​ផ្ទុះអាវុធ​ថ្ងៃទី​០៥-០៦ ខែកក្កដា ឆ្នាំ​១៩៩៧​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​ចោទប្រកាន់ថា ជា​អំពើ​រដ្ឋប្រហារ​របស់​ស​ម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី​ទី​២ ដើម្បី​ផ្ដួលរំលំ​សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ នាយករដ្ឋមន្ដ្រី​ទី​១ ។ ការចោទប្រកាន់​នេះ ធ្វើឱ្យ​សម្ដេច ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​បដិសេធ ភ្លាមៗ និង​ក្ដៅគគុក​ចាប់តាំងពី​លើកដំបូង ។​

​ក្រោយ​ព្រឺ​ត្ដិ​ការណ៍​ផ្ទុះអាវុធ​ថ្ងៃទី​០៥-០៦ ខែកក្កដា ឆ្នាំ​១៩៩៧ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ដែល​នឹកស្មាន​មិន​ដល់ ធ្វើឱ្យ​អ្នក​រាជធានី​ភ្នំពេញ​ភ័យ​លោះ​ព្រលឹងចុងសក់​នោះ បានធ្វើឱ្យ​សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ បាត់បង់​ឱកាស​ធ្វើជា​នាយករដ្ឋមន្ដ្រី​តទៅទៀត​រហូតដល់​ទ្រង់​សោយ​ទិ​វ​ង្គ​ត់ នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ និង​លើសពីនេះ អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​របស់​ក្រុមខ្មែរក្រហម​ទាំង​ក្បាលរឹង ទាំង​ក្បាល​ទន់​ក៏ត្រូវ​រំលាយ ឬ​បញ្ចប់​ជា​ស្ថាពរ​ចាប់តាំងពី​អំឡុង​ឆ្នាំ​១៩៩៨​មក​ដែរ ។​

​ឥឡូវ ប្រជាពលរដ្ឋ​កម្ពុជា​កំពុងតែ​ទទួលបាន​ផល​ពី​សន្ដិភាព និង​ស្ថិរភាព​នយោបាយ​ហើយៗ​សូម កុំឱ្យ​ថ្នាក់ដឹកនាំ​ប្រទេស​លេងល្បែង​នយោបាយ​នាំមក​នូវ​សង្គ្រាម​កើតមាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តទៅ​ទៀត និង​សូម​ឲ្យ​ថ្នាក់ដឹកនាំ​នយោបាយ​រួបរួមគ្នា​ពង្រឹង​នីតិរដ្ឋ និង​យុត្តិធម៌​សង្គម​ពិតប្រាកដ​ឲ្យ​បានល្អ​ប្រសើរ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.