កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ លោកមេធាវី ស៊ុន លៀងហេង សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) អត្តលេខ១៩៩៣ ប្រធានការិយាល័យមេធាវី ដឹ ខ័រ (The CORE Law Office) ជាមេធាវីតំណាងដោយអាណត្តិឲ្យលោក Tseng Kuo-Chan ប្រធានក្រុមប្រឹក្សាភិបាល និងអភិបាលក្រុមហ៊ុន PNT Co.,Ltd. បានចេញលិខិតជូនដំណឹងមួយធ្វើការកោះអញ្ជើញលោក សយ សុផល នាយកក្រុមហ៊ុន ម៉ាយឃល ឡូជីស្ទីក (ខេមបូឌា) ឲ្យមកចូលរួមដោះស្រាយករណីការកាប់ឆ្ការ និងការប្រមូលផល-អនុផលព្រៃឈើលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន PNT Co.,Ltd. នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ។


លិខិតជូនដំណឹងចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២របស់លោកមេធាវី ស៊ុន លៀងហេង ក្នុងនាមជាមេធាវីតំណាងឲ្យក្រុមហ៊ុន PNT Co.,Ltd. ក៏បានស្នើឲ្យលោកនាយកក្រុមហ៊ុន ម៉ាយឃល ឡូជីស្ទីក (ខេមបូឌា) បញ្ឈប់សកម្មភាពកាប់បំផ្លាញ និងសកម្មភាពប្រមូលផល-អនុផលព្រៃឈើលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន PNT Co.,Ltd. ស្ថិតនៅឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ (តំបន់ព្រៃឡង់) ផងដែរ ។

ក្រុមហ៊ុន PNT Co.,Ltd. ទទួលបានសិទ្ធិគ្រប់គ្រង និងអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា ទំហំ ៧ ២០០ហិកតា ស្ថិតនៅឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ហើយក្រុមហ៊ុន PNT Co.,Ltd. នេះក៏បានប្រគល់សិទ្ធិឲ្យទៅក្រុមហ៊ុន ម៉ាយឃល ឡូជីស្ទីក (ខេមបូឌា) ដែលមានលោក សយ សុផល ជានាយកក្រុមហ៊ុន ធ្វើការប្រមូលផល-អនុផលព្រៃឈើលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន PNT Co.,Ltd. តាមលិខិតប្រគល់សិទ្ធិ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងកិច្ចសន្យា ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ។

ចាប់តាំងពីទទួលបានសិទ្ធិគ្រប់គ្រង និងអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចជិត១ម៉ឺនហិកតាពីរាជរដ្ឋាភិបាលកម្ពុជានៅស្រុករវៀង ខេត្តព្រះវិហារមក ត្រូវបានក្រុមសហគមន៍ព្រៃឡង់រាយការណ៍ឲ្យដឹងថា មានសកម្មភាពកាប់ឈើឡើងកក្រើកព្រៃលើដីសម្បទានសេដ្ឋកិច្ច និងដឹកជញ្ជូនឈើចូលតំបន់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន PNT Co.,Ltd. ដោយប្រភពព័ត៌មានខ្លះបានបង្ហើបឲ្យដឹងថា មានការពាក់ព័ន្ធនឹងឧកញ៉ា ឡេង ឫទ្ធី ទៀតផង ។

គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ គេហទំព័រសារព័ត៌មាន ដើមត្នោត មិនទាន់អាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបញ្ជាក់ពីឧកញ៉ា ឡេង ឫទ្ធី ពាក់ព័ន្ធនឹងសកម្មភាពកាប់ឈើលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន PNT Co.,Ltd. ឬទំនាក់ទំនងរវាងក្រុមហ៊ុន PNT Co.,Ltd. និងឧកញ៉ា ឡេង ឫទ្ធី យ៉ាងណាៗនោះនៅឡើយទេ ។

ក្រុមហ៊ុន PNT Co.,Ltd. គឺជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ចុះបញ្ជីបើកដំណើរការនៅកម្ពុជានាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០០៨ និងត្រូវបានគ្រប់គ្រងដោយលោក Phan Huu Nam ជនជាតិវៀតណាម ជាអភិបាលក្រុមហ៊ុនរហូតដល់អំឡុងឆ្នាំ២០១៩ ។ បច្ចុប្បន្ន ក្រុមហ៊ុន PNT Co.,Ltd. ត្រូវបានគ្រប់គ្រងដោយលោក Tseng Kuo-Chan ជាប្រធានក្រុមប្រឹក្សាភិបាល និងជាអភិបាលក្រុមហ៊ុន ដូចមានការឯកភាពទទួលស្គាល់តាមស្មារតីលិខិតលេខ៥៧៣១ កសក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
មជ្ឈដ្ឋានសហគមន៍ការពារព្រៃឈើនៅតំបន់ព្រៃឡង់ បាន និងកំពុងរង់ចាំមើលនូវលទ្ធផលនៃជំនួបរវាងមេធាវីតំណាងក្រុមហ៊ុន PNT Co.,Ltd. និងលោកនាយកក្រុមហ៊ុន ម៉ាយឃល ឡូជីស្ទីក (ខេមបូឌា) នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ តើនឹងអាចដោះស្រាយឈានទៅបញ្ឈប់សកម្មភាពកាប់ឈើពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន PNT Co.,Ltd. បានដែរឬទេ ឬគ្រាន់តែជា «ល្បិចឆ្លើយដាក់គ្នា» ប៉ុណ្ណោះ ? ៕