ក្រោយការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យសប្បុរសជនចូលរួមបំពាត់គ្រាប់មីននៅកម្ពុជា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តបន្ទាយមានជ័យ ក្នុងពិធីលែងកូនត្រី អបអរសាទរទិវាមច្ចាជាតិ កន្លងទៅថ្មីៗរួចមក គឺចាប់តាំងពីវេលារសៀលនាថ្ងៃដដែល មានស្ថាប័នមនុស្សធម៌ និងសប្បុរសជនបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងសកម្មភាពបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតនៅកម្ពុជា ជាហូរហែ ។

គិតត្រឹមថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ យ៉ាងហោចណាស់មានស្ថាប័នមនុស្សធម៌ និងសប្បុរសជនបានបរិច្ចាគថវិកាចំនួន ១៣ ៥០០ ០០០ដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជារួចហើយ ដើម្បីចូលរួមសកម្មភាពលុបបំបាត់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតនៅកម្ពុជា ។ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២នេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចបង្កើតនូវមូលនិធិមួយឈ្មោះថា «មូលនិធិសម្តេចតេជោសម្រាប់សកម្មភាពមីន (ម.ស.ស.) – Samdech Techo Fund for Mine Action (STF-MA)» ។
ក្នុងចំណោមស្ថាប័នមនុស្សធម៌ និងសប្បុរសជនដែលបានបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងសកម្មភាពមីនតបតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីកន្លងមក គឺមានស្ថាប័នមនុស្សធម៌ និងសប្បុរសជន បានបរិច្ចាគថវិកាចំនួនខ្ទង់លានដុល្លារអាមេរិកគួរឲ្យកត់សម្គាល់ គិតត្រឹមថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ រួមមានដូចតទៅ ៖
១-កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ចំនួន ២លានដុល្លារអាមេរិក ។

២-លោកស្រី ហ៊ុន ម៉ាណា (ភរិយារបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ) និងលោកជំទាវ ហ៊ុន ម៉ាលី (ភរិយារបស់ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍) ត្រូវជាកូនស្រីបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ចំនួន ១លានដុល្លារអាមេរិក ។

៣-ក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលមានអ្នកឧកញ៉ា ភាព ហៀក ជាប្រធានក្រុមប្រឹក្សាភិបាល ចំនួន ១លានដុល្លារអាមេរិក ។

៤-អ្នកឧកញ៉ា ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា ជាអគ្គនាយកក្រុមហ៊ុន បុរីឡេងណាវ៉ាត្រា ចំនួន ១លានដុល្លារអាមេរិក ។

៥-លោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC និងធនាគារកាណាឌីយ៉ា ចំនួន ១លានដុល្លារអាមេរិក ។

៦-អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុន បុរីពិភពថ្មី ចំនួន ១លានដុល្លារអាមេរិក ។

៧-អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Prince Holding Groups និងធនាគារ Prince ចំនួន ១លានដុល្លារអាមេរិក ។

៨-អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group ចំនួន ១លានដុល្លារអាមេរិក ។

៩-ឯកឧត្តមឧកញ៉ា ឡាវ ម៉េងឃីន និងលោកជំទាវឧកញ៉ា ជឹង សុភាព ហៅយាយភូ អគ្គនាយកក្រុមហ៊ុន Shukaku Inc. និងជាសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១លានដុល្លារអាមេរិក ។

១០-ឯកឧត្តមឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន LYP Group និងជាសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១លានដុល្លារអាមេរិក ។

១១-លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េងហួត គ្រុប និងជាអគ្គនាយកក្រុមហ៊ុន បុរីប៉េងហួត ចំនួន ១លានដុល្លារអាមេរិក ៕