ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២

​មិនបាន​ប្រាក់ តែ​បាន​ឋានៈ ! ជិត​១០០​នាក់​បន្ថែមទៀត ត្រូវបានតែងតាំង និង​ផ្តល់​ឋានៈ​ជាទី​ប្រឹក្សា​អម​ក្រសួងយុត្តិធម៌​

​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​ឡាយព្រះហស្តលេខា​នៅលើ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៧២២/៧២៦ ចុះ​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២២ ត្រាស់បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ​ជាទី​ប្រឹក្សា​អម​ក្រសួងយុត្តិធម៌ ចំនួន​៥២​នាក់ ដោយ​ពុំ​ទទួល​ប្រាក់​បំណាច់​មុខងារ តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​ក្នុងនោះ ០៤​នាក់ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​៤៨​នាក់ មាន​ឋានៈ​ស្មើ​អគ្គនាយក​) ពោល​មាន​ឋានៈ​ជា «​ឯកឧត្តម​» និង «​លោកជំទាវ​» ។

​លើសពីនេះ កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​ចុះហត្ថលេខា​នៅលើ​អនុក្រឹត្យ​លេខ​៤៧០​អនក្រ​.​ត​ត សម្រេច​តែងតាំង និង​ផ្តល់​ឋានៈ​ជាទី​ប្រឹក្សា​អម​ក្រសួងយុត្តិធម៌ ចំនួន​៣៣​នាក់ ដោយ​ពុំ​ទទួល​ប្រាក់​បំណាច់​មុខងារ តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ (​លោក​-​លោកស្រី ដែលជា​ទីប្រឹក្សា​អម​ក្រសួងយុត្តិធម៌​ទាំង​៣៣​នាក់​នេះ មាន​ឋានៈ​ស្មើ​អគ្គនាយករង​) ។​

​នៅក្នុង​ចំណោម​លោក​-​លោកស្រី​ដែល​ទទួលបាន​ការតែងតាំង និង​ផ្តល់​ឋានៈ​ជាទី​ប្រឹក្សា​អម​ក្រសួងយុត្តិធម៌​ទាំង​៨៥​នាក់​នោះ (​ទាំង​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ ទាំង​តែងតាំង​ដោយ​អនុក្រឹត្យ​) គឺមាន​មេធាវី ដែលជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (BAKC) ជាច្រើន​នាក់ ដែល​ដង្ហែ​គាំទ្រ​កម្មវិធី​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជាពិសេស​សកម្មភាព​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា (CPP) តាមរយៈ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ រួមទាំង​ការចុះពង្រឹង​មូលដ្ឋាន​ផ្ទាល់​ផងដែរ ជាអាទិ៍ ៖ លោក​មេធាវី ស្រូ​យ សុខ​ជាតិ អត្តលេខ​៥២៣, លោកស្រី​មេធាវី តេង រិទ្ធី​វ័ន អត្តលេខ​៥៧៣, លោក​មេធាវី ម៉ៃ វណ្ណា​ឌី អត្តលេខ​៥៩៩, លោក​មេធាវី ជា សុខ​ចាន់ អត្តលេខ​៦៦០, លោក​មេធាវី ពេជ្រ សម្បត្តិ អត្តលេខ​៧០២…​។​ល​។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​បញ្ចេញ​ទស្សនៈ​ថា លោក​-​លោកស្រី ដែល​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​អម​ក្រសួងយុត្តិធម៌​ទាំង​ជិត​១០០​នាក់​នោះ ទោះបី​មិន​ទទួលបាន​ប្រាក់​បំណាច់​មុខងារ​ក៏ដោយ​ក្តី ប៉ុន្តែ​ទទួលបាន​ឋានៈ​ជា «​ឯកឧត្តម​» និង «​លោកជំទាវ​» ព្រោងព្រាត ហើយ​ការទទួលបាន​ឋានៈ​ជា​អនុរដ្ឋលេខាធិការ ឬ​អគ្គនាយក ឬ​អគ្គនាយករង​នាពេល​បច្ចុប្បន្ន និង​អាច​ក្លាយជា «​ស្ពាន​ផលប្រយោជន៍​» នៅ​ថ្ងៃ​អនាគត ដើម្បី​ឈានទៅ​ទទួលបាន​ឋានៈ​ខ្ពស់​បន្ថែមទៀត ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.