ក្នុងសមានចិត្តតបតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាឪពុក កាលពីវេលាព្រឹក នាថ្ងៃសុក្រម្សិលមិញ ក្នុងពិធីលែងកូនត្រី អបអរសាទរទិវាមច្ឆាជាតិ នៅខេត្តបន្ទាយមានជ័យ ឲ្យសប្បុរសជនចូលរួមបំបាត់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដើម្បីឲ្យកម្ពុជាឈានទៅគ្មានគ្រាប់មីននៅឆ្នាំ២០២៥ខាងមុខនោះ លោកស្រី ហ៊ុន ម៉ាណា និងលោកស្រី ហ៊ុន ម៉ាលី ព្រមទាំងស្វាមីរៀងៗខ្លួន និងត្រូវជាកូនស្រីបង្កើតសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៅវេលាល្ងាចនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ដដែល បានប្រកាសបរិច្ចាគថវិកាចំនួន១លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលដើម្បីបំបាត់គ្រាប់មីននៅកម្ពុជា ។
កូនស្រីបង្កើតទាំងពីររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺលោកស្រី ហ៊ុន ម៉ាណា ត្រូវជាភរិយារបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ជាកូនប្រុសសពឯកឧត្តមនាយឧត្តមសេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដ៏មានអំណាច និងលោកជំទាវ ហ៊ុន ម៉ាលី ត្រូវជាភរិយារបស់ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាកូនប្រុសសពសម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដ៏មានឥទ្ធិពល ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញដ៏សកម្ម និងប្រទាក់ក្រឡាដ៏រឹងមាំជាមួយឈ្មួញគ្រាក់ៗដទៃទៀត តួយ៉ាង លោកជំទាវឧកញ៉ា ជឹង សុភាព ហៅយាយភូ និងសាច់ញាតិ ព្រមទាំងស្វាមីយាយភូ ដោយកាន់កាប់ក្រុមហ៊ុនយ៉ាងច្រើននៅកម្ពុជា ។
ក្រុមហ៊ុន Moon Advertising Co.,Ltd. មានលោកស្រី ហ៊ុន ម៉ាណា ជាប្រធានក្រុមប្រឹក្សាភិបាល, លោកជំទាវ ហ៊ុន ម៉ាលី ជាអភិបាល និងក្រុមហ៊ុន NH Holding Ltd. មានលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ (ភរិយាឯកឧត្តម ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ) ត្រូវជាម្តាយក្មេករបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កូនប្រុសច្បងសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ជាអភិបាលក្រុមហ៊ុន ។ ក្រុមហ៊ុន Kids City Asia Company Limited មានលោកជំទាវ ហ៊ុន ម៉ាលី ជាអភិបាលក្រុមហ៊ុន….។ល។
ថ្វីដ្បិតមិនទាន់ឃើញទទួលបានការតែងតាំងគោរមងារជា «ឧកញ៉ា» ឬ «អ្នកឧកញ៉ា» ដូចបណ្តាឈ្មួញសកម្មផ្សេងៗទៀតនៅកម្ពុជាក្តី ក៏ប៉ុន្តែបើយោងតាមធនធានទ្រព្យសម្បត្តិដែលមានជាក់ស្តែង និងតាមទំហំធនធានដែលធ្លាប់បានជួយដល់សង្គម និងស្ថាប័នរដ្ឋនោះ គឺលោកស្រី ហ៊ុន ម៉ាណា និងលោកជំទាវ ហ៊ុន ម៉ាលី អាចទទួលគោរមងារជា «អ្នកឧកញ៉ា» យ៉ាងងាយស្រួលបំផុត និងគ្រប់ពេលវេលាទៀតផង លើកលែងតែមានចិត្តមិនចង់ ៕