ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

​កាត់ទោស​អ្នកមាន​កិត្តិយស ! អតីត​ពិធីករ លាន អា​ហ្វ្រី​ល​គីនីន ល្បី​មាន​ងារ​ជា​ឧកញ៉ា ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​១​ឆ្នាំ តែ​ព្យួរទោស​

​អតីត​ពិធីករ​ក្នុង​វិស័យ​សិល្បៈ គឺ​លោក លាន អា​ហ្វ្រី​ល​គីនីន អាយុ​៤៤​ឆ្នាំ ត្រូវបាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់ ១ (​មួយ​) ឆ្នាំ តែ​ត្រូវ​ព្យួរទោស និង​ពិន័យ​ជា​ប្រាក់​ចំនួន ១ ០០០ ០០០ (​មួយ​លាន​) រៀល ព្រមទាំង​បង្គាប់​ឲ្យ​សងជំងឺចិត្ត​ទៅ​ដើម​បណ្តឹងរដ្ឋប្បវេណី​ជា​ទឹកប្រាក់​ចំនួន ២០ ០០០ ០០០ (​ម្ភៃ​លាន​) រៀល កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២​ម្សិលមិញ​នេះ ក្រោម​ការចោទប្រកាន់​ពីបទ បង្វែរ​វត្ថុ​រឹបអូស ឬ​វត្ថុ​ដាក់​ធានា ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ដែល​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៣៩៧ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ក្នុងនាម​ជា​ជន​ដែល​រង​នូវ​បណ្តឹង​របស់​ម្ចាស់​បំំ​ណុល​ក្នុង​សំណុំ​រឿងក្តី​ព្រហ្មទណ្ឌ លោក លាន អា​ហ្វ្រី​ល​គីនីន ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​ចាប់​ឃាត់ខ្លួន​ផងដែរ​កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០២២​កន្លងទៅ «​យកមក​វាស់កម្ពស់​» ប៉ុន្តែ​ត្រូវបាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ បន្ទាប់ពី​បញ្ចប់​ការសាកសួរ​នាំ​តាម​នីតិវិធី​រួចរាល់ ។​

​លោក លាន អា​ហ្វ្រី​ល​គីនីន ដែល​ល្បី​ថា មាន​ងារ​ជា «​ឧកញ៉ា​» ផង​នោះ តែងតែបាន Post នូវ​រូបថត​ជាច្រើន​បង្ហាញ​ពី​សកម្មភាព​ស្ថិត​នៅក្បែរ​ថ្នាក់ដឹកនាំ​សំខាន់ៗ​មួយចំនួន​នៃ​ស្ថាប័នរដ្ឋ ដូចជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ត្រូវជា​ភរិយា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី​, ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស និង​ជា​នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ត្រូវជា​កូនប្រុស​ច្បង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី ជាដើម​…​។​ល​។

​ក្នុងសង្គម​ខ្មែរ​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នេះ តែង​បាន​រំលេច​ឲ្យ​ឃើញ​ដ៏​ពេញនិយម​ថា អ្នកណា​ដែល​បាន​ស្ថិតនៅ​ក្បែរ​ថតរូប​ជាមួយ​ថ្នាក់ដឹកនាំ​ជាតិ​សំខាន់ៗ គឺជា​ប្រភេទ «​អ្នកមាន​កិត្តិយស​» ហើយៗ អាច​ស្វែងរក​ផលប្រយោជន៍​លាភសក្ការៈ​បាន​ថែមទៀត ពោល​យ៉ាងហោចណាស់​ក៏​អាច «​ខ្ចីលុយ​គេ​» បាន​ព្រោងព្រាត​ផងដែរ (Sic!) ។​

​បញ្ញត្តិ​មាត្រា​៣៩៧ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចែង​អំពី​បទ​បង្វែរ​វត្ថុ​រឹបអូស ឬ​វត្ថុ​ដាក់​ធានា ថា «​អំពើ​របស់​កូនបំណុល​ដែល​គៃបំបាត់ ឬ​បំផ្លាញ​វត្ថុ​ដែល​បាន​ឃាត់ទុក ឬ​រឹបអូស​ដោយ​អាជ្ញា​ធរមាន​នីតិសម្បទា ឬ​ដាក់​ដើម្បី​ធានា​នូវ​សិទ្ធិ​លើ​បំណុល ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ (​មួយ​) ខែ ទៅ ១ (​មួយ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០០ ០០០ (​មួយ​សែន​) រៀល ទៅ ២ ០០០ ០០០ (​ពីរលាន​) រៀល ។ » ៕

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.