ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

​ថ្នាក់លើ​គួរ​អើពើ​ពិនិត្យមើល​ផង ! ដី​អូរ ព្រែក ប្រឡាយ ក្លាយជា​ដីឯកជន​ហូរហែ​ហើយ នៅ​ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​

​ដីធ្លី​ស្ថិតនៅ​ភូមិសាស្ត្រ​ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែលមាន​ប្រវត្តិ​ស្ថានភាព​ដើម​ជាក់ស្តែង​ជា​ដី​អូរ​ធម្មជាតិ​របស់​រដ្ឋ​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ ត្រូវបាន​អាជ្ញាធរ​ស្រុក​កណ្តាលស្ទឹង​ធ្វើ​របាយការណ៍​ទៅ​មន្ត្រី​ថ្នាក់លើ (​រដ្ឋបាល​ខេត្តកណ្តាល​) ដើម្បី​សម្រេច​ជាគោលការណ៍​អនុញ្ញាត​ឲ្យ​មន្ត្រី​ជំនាញ (​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​) ចាត់ចែង​ចុះបញ្ជី​ជា​ដីធ្លី​ទ្រព្យសម្បត្តិ​ឯកជន​ហូរហែ​ហើយ ។

​ប្រភព​ច្បាស់​ការណ៍​ពី​រដ្ឋបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា កាលពី​ចុងឆ្នាំ​២០២១​កន្លងទៅ លោក កាំ​ង ហុក និង​អ្នកស្រី ឌៀប លី​គាង (​ត្រូវជា​ប្តី​-​ប្រពន្ធ​) មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ អះអាងថា បាន​ទិញ​ដី​មួយកន្លែង​ទំហំ​ជាង​២​ហិកតា ស្ថិតនៅ​ភូមិ​ជ្រៃ​រយោង ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​បាន​គ្រប់គ្រង កាន់កាប់​អស់​ជាច្រើន​ឆ្នាំ​មកហើយ បានដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​បំពេញបន្ថែម​នូវ​ទីតាំង​ដីធ្លី​នេះ​ជា​កម្មសិទ្ធិ គោរព​ជូន​ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ។

​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បានធ្វើ​ចំណារ​នៅលើ​លិខិត​សំណើ​របស់​ឈ្មោះ កាំ​ង ហុក និង​ឈ្មោះ ឌៀប លី​គាង មាន​ខ្លឹមសារ​ថា «​ជូន​-​មន្ទីរ ដន​សស​-​អភិបាលស្រុក ពិនិត្យ​-​របាយការណ៍​មក​អភិបាលខេត្ត ។​» ។

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ដោយ​យោងតាម​លិខិត​សំណើ​ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១​របស់​ឈ្មោះ កាំ​ង ហុក និង​ឈ្មោះ ឌៀប លី​គាង និង​ចំណារ ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២​របស់​ឯកឧត្តម​អភិបាលខេត្ត​កណ្តាល ស្រាប់តែ​រដ្ឋបាល​ឃុំ​ក​ណ្តោ​ក ដែលមាន​លោក ហេង ចាន់ អាយុ​៦៩​ឆ្នាំ ជា​មេឃុំ បានធ្វើ​របាយការណ៍​លេខ​១៤៣/២២​រ​.​ប​.​ក ចុះ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២២ គោរព​ជូន​លោក​អភិបាល នៃ​គណៈ​អភិបាលស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល អំពី​សំណើសុំ​ចុះបញ្ជី​បំពេញបន្ថែម​នូវ​ផ្ទៃដី​របស់​ឈ្មោះ កាំ​ង ហុក និង​ឈ្មោះ ឌៀប លី​គាង ទៅវិញ ខណៈ​ចំណារ​របស់​ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​មិនបាន​បញ្ជូនមក​រដ្ឋបាល​ឃុំ​ក​ណ្តោ​ក ឲ្យ​ធ្វើ​របាយការណ៍​ឡើយ (Sic!) ។​

​បន្ទាប់មក រដ្ឋបាល​ស្រុក​កណ្តាលស្ទឹង ដែលមាន​លោក អ៊ូច សៅ​វឿន ជា​អភិបាល នៃ​គណៈ​អភិបាល ក៏បាន​ធ្វើ​របាយការណ៍​លេខ​០៤០/២២​រ​.​ប​.​ក ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២ គោរព​ជូន​ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល អំពី​សំណើសុំ​ចុះបញ្ជី​បំពេញបន្ថែម​នូវ​ផ្ទៃដី​របស់​ឈ្មោះ កាំ​ង ហុក និង​ឈ្មោះ ឌៀប លី​គាង ដែលមាន​ខ្លឹមសារ​ថា «​ទីតាំង​ដី​ដែល​ស្នើសុំ​ខាងលើ​មាន​ស្ថានភាព​ជាក់ស្តែង​មិនមែនជា​ប្រភពទឹក​ក្នុងការ​ប្រើប្រាស់​ជា​ដី​ទំនាប ។ ហើយ ដោយសារ​ចំណុច​ដី​នេះ​ជា​ដី​ទំនាប កាន់កាប់ អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មកហើយ ទន្ទឹមនឹងនេះ​ម្ចាស់​ធ្វើសំណើ បាន​គ្រប់គ្រង កាន់កាប់ អាស្រ័យ​ផល​ជាក់ស្តែង​មកដល់​បច្ចុប្បន្ន​លើដី​នេះ​ពិតប្រាកដ​មែន ដោយ​មិនមាន​តតិយជន​ណា​មក​តវ៉ា​អ្វី​ឡើយ ដែល​គួរ​ពិនិត្យ​អំពី​ការផ្តល់​ជា​ដី​របស់​ឯកជន ។ កន្លងមក ទីតាំង​ដី​ទំនាប​នេះ​ជាប់​នឹង​ចំណុច​ក​ណ្ត​ល​នៃ​ដី​ដែលមាន​កម្ម​សិទ្ធ​របស់​អ្នកស្នើសុំ​ចុះបញ្ជី​បំពេញបន្ថែម​នូវ​ផ្ទៃដី​ដែល​បាន និង​កំពុង​គ្រប់គ្រង កាន់កាប់​អាស្រ័យ​ផល​ជាក់ស្តែង ។​» (Resic!) ។​

​យោងតាម​របាយការណ៍​លេខ​០៤០/២២ រ​.​ប​.​ក ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២​របស់​រដ្ឋបាល​ស្រុក​កណ្តាលស្ទឹង ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ក៏បាន​ចេញ​លិខិត​លេខ​៤៦៣​សជណ ចុះ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២២ ជម្រាបជូន​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ក្នុងន័យ​បញ្ជាក់ថា «…​រដ្ឋបាលខេត្ត​ឯកភាព​លើ​របាយការណ៍​របស់រ​ដ្ឋ​បាល​ស្រុក​កណ្តាលស្ទឹង និង​ប្រគល់​ភារកិច្ច​ជូន​លោក​ប្រធាន​មន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ពិនិត្យ និង​អនុវត្ត​ចុះបញ្ជី​ដី​បំពេញបន្ថែម​ជូន​ម្ចាស់​សំណើ ស្របតាម​នីតិវិធី​ជា​ធរមាន ។ » ។

​សេចក្តីរាយការណ៍​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល (​ដន​ស​ភ​) ស្រុក​កណ្តាលស្ទឹង ដែលមាន​លោក អេង សុភាព ជា​អនុប្រធាន​ការិយាល័យ ប៉ុន្តែ​មាន​ឥទ្ធិពល និង «​ក្បាច់គុន ល្បិចកល​» ខាង​ស្វែងរក​ប្រយោជន៍​ដ៏​សម្បើម​នោះ ហាក់​មិនសូវ​ខ្វល់​អើពើ​នឹង​ស្ថានភាព​បាត់បង់​ដីធ្លី​ដែលមាន​ប្រវត្តិ​ជា​ដី​អូរ​ធម្មជាតិ សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឡើយ គឺមាន​តែ​បូញ​មាត់ ហុចដៃ​ជំរុញ​ឲ្យ​មានការ​ចុះបញ្ជី​ដីធ្លី​ជា​សម្បត្តិ​របស់​ឯកជន​ហូរហែ​ទៅវិញ ។

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​សំណូមពរ​ចំពោះ​ថ្នាក់លើ ជាពិសេស​ឯកឧត្តម​នា​យ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ដែលជា​ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​នៅ​ស្រុក​កណ្តាលស្ទឹង និង​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល មេត្តា​ពិនិត្យ​ករណី​ដី​អូរ ព្រែក ប្រឡាយ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដែល​ប្រែ​ក្លាយទៅជា​ដីធ្លី​សម្បត្តិ​បុគ្គល​ឯកជន​ហូរហែ​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ក្រោម​ស្នាដៃ​របស់លោក អ៊ូច សៅ​វឿន អភិបាល នៃ​គណៈ​អភិបាលស្រុក​កណ្តាលស្ទឹង និង​លោក អេង សុភាព អនុប្រធាន​ការិយាល័យ ដន​ស​ភ ស្រុក​ក​ណ្ត​ល​ស្ទឹង ដ៏​មាន​ឥទ្ធិពល និង​ទ្រព្យសម្បត្តិ​ហ៊ី​ហា​នោះ​ផង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.