កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខានៅលើអនុក្រឹត្យលេខ៤០អនក្រ.បក សម្រេចកាត់ផ្ទៃដីចំនួន០៨ទីតាំង មានទំហំសរុប ៣៨៥ ៧៦៨ម៉ែត្រក្រឡា ស្ថិតនៅក្នុងសង្កាត់ពញាពន់ សង្កាត់ពន្សាំង និងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិជូនលោក ហូ សិទ្ធីវ័ន្ត និងលោកស្រី សេង សុជាតិតា ដោយពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ ។






លោក ហូ សិទ្ធីវ័ន្ត ត្រូវបានគេស្គាល់ថា ត្រូវជាកូនប្រុសរបស់ឯកឧត្តម ហូ សិទ្ធី ទេសរដ្ឋមន្ត្រី ទទួលបន្ទុកនាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

មិនទាន់បានដឹងប្រាកដថា តើលោក ហូ សិទ្ធីវ័ន្ត និងលោកស្រី សេង សុជាតិតា ទទួលបានចំណែកផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ជិត៤០ហិកតា ធ្វើជាកម្មសិទ្ធិ ដោយពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋបែបនេះ តាមរូបភាព ឬមូលហេតុអ្វីនោះនៅឡើយទេ (ដោយបានទិញបន្តពីប្រជាពលរដ្ឋ ឬ ទិញបន្តពីស្ថាប័នរដ្ឋណាមួយ ឬដោយសារការកាន់កាប់ជាក់ស្តែង ឬដោយសារការដោះដូរដីជាមួយរដ្ឋក្នុងផលប្រយោជន៍អ្វីមួយ…?) ។

គួររំលឹកជូនដែរថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានកាត់ផ្ទៃដីចំនួន០២ទីតាំង សរុបទំហំ ៦១ ៨៣៦ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិជូនលោក សេង យូអ៊ាន់ ដែលគេស្គាល់ថា ជានាយឧត្តមសេនីយ៍ (ផ្កាយ៤) ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា អត្តលេខ៨៩៥៥៥ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ដោយពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ ដោយអនុក្រឹត្យលេខ២៦អនក្រ.បក ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ។


គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) មានទំហំ ៣ ២៣៩,៧ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ដែលរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានកំណត់ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដោយអនុក្រឹត្យលខ២០អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នោះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ផ្ទៃដីចេញពីផ្ទៃបឹង ធ្វើអនុបយោគជាសម្បត្តិឯកជនរបស់រដ្ឋ និងប្រទានកម្មទៅឲ្យស្ថាប័នរដ្ឋ និងបុគ្គលឯកជន (ជាមន្ត្រិរាជរដ្ឋាភិបាល និងជាអ្នកជំនួញ…) ធ្វើកម្មសិទ្ធិជាហូរហែយ៉ាងហោចណាស់អស់ទំហំ ១៩ ៤២៦ ៣០៥,៥ម៉ែត្រក្រឡា (ឬជាង ១ ៩៤២ហិកតា ) រួចទៅហើយ ៕

