ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលដកស្រង់ពីប្រភពមន្ត្រីអ៊ុយក្រែនបានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះឲ្យដឹងថា រុស្ស៊ី បានបាញ់អាវុធមីស៊ីលស្រោចដូចទឹកភ្លៀងទៅលើមូលដ្ឋានទ័ពជាច្រើនកន្លែងនៅភាគខាងលិច និងខាងជើងនៃប្រទេសអ៊ុយក្រែន ខណៈទីក្រុង Kyiv បានបញ្ជាឲ្យទាហានរបស់ខ្លួនដកថយចេញពីទីក្រុង Sievierodonetsk ក្នុងតំបន់ Donbas ។

លោក Maxim Kozytskyi អភិបាលតំបន់ Lviv ស្ថិតនៅភាគខាងលិចអ៊ុយក្រែនបាន Post ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមឲ្យដឹងថា រុស្ស៊ីបានបាញ់មីស៊ីលចំនួន៦គ្រាប់ ចេញពីសមុទ្រខ្មៅ ក្នុងនោះមាន៤គ្រាប់បានវាយប្រហារចំមូលដ្ឋានទ័ព Yavoriv ស្ថិតនៅជិតព្រំប្រទល់ប្រទេសប៉ូឡូញ និង២គ្រាប់ទៀតត្រូវបានបំផ្លាញ ។ រីឯលោក Vitaliy Bunechko អភិបាលតំបន់ Zhytomyr ស្ថិតនៅភាគខាងជើងអ៊ុយក្រែនក៏បានអះអាងឲ្យដឹងដែរថា មីស៊ីលរហូតដល់ទៅ៣០គ្រាប់បានវាយប្រហារលើមូលដ្ឋានទ័ពមួយកន្លែងក្បែរទីក្រុង Zhytomyr ដោយបានផ្តាច់ជីវិតទាហានម្នាក់ ខណៈមីស៊ីលប្រមាណ១០គ្រាប់ត្រូវបានស្ទាក់ចាប់ និងបំផ្លាញចោល ។

ដោយឡែក នៅតំបន់ Chernihiv ក៏មានសេចក្តីរាយការណ៍អំពីសកម្មភាពរងការវាយប្រហារដោយអាវុធមីស៊ីលរបស់រុស្ស៊ីផងដែរ ។

បច្ចុប្បន្ន ទាហានរុស្ស៊ីនៅតែបន្តផ្តោតការវាយលុករុលទៅមុខលើតំបន់ភាគខាងត្បូង និងតំបន់ Donbas ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ស្របពេលទីក្រុង Kyiv បានបញ្ជាឲ្យទាហានដកថយចេញពីទីក្រុង Sievierodonetsk ដែលលោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែនធ្លាប់បានចាត់ទុកជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់ដែលអាចកំណត់អំពីលទ្ធផលសង្គ្រាមក្នុងតំបន់ Donbas ទាំងមូល ៕
