ថ្ងៃ សៅរ៏ ទី ០២ ខែ កក្កដា ឆ្នាំ ២០២២

​កាត់​ដី​បឹង​ទៀតហើយ ! ផ្ទៃដី​បឹង​២​ទីតាំង ទំហំ​ជាង​២៣៥​ហិកតា ស្ថិតនៅ​ភូមិសាស្ត្រ​ខេត្តកណ្តាល ត្រូវបាន​រាជរដ្ឋាភិបាល​ធ្វើ​អនុ​ប​យោគ​ពី​សម្បត្តិ​សាធារណៈ​ទៅជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ

​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២​កន្លងទៅ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា​នៅលើ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​៣៩​អនក្រ​.​បក តាម​សំណើ​របស់​រដ្ឋបាលខេត្ត​កណ្តាល ដែលមាន​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ជា​អភិបាល​នៃ​គណៈ​អភិបាល ដោយ​សម្រេច​កាត់​ផ្ទៃដី​បឹង​ចំនួន​២​ទីតាំង ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ និង​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មាន​ទំហំ​សរុប ២៣៥​ហិកតា ៧៨​អា និង​៣៧​សង់​ទី​អា និង​ធ្វើ​អនុ​ប​យោគ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ទៅជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​វិញ ។

​ផ្ទៃដី​បឹង​ចំនួន​២​ទីតាំង មាន​ទំហំ​ជាង​២៣៥​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ និង​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​ត្រូវបានធ្វើ​អនុ​ប​យោ​គជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​នោះ រួមមាន ៖ ១-​ផ្ទៃដី​បឹង​ទទឹងថ្ងៃ ទំហំ ៣៩​ហិកតា ៤០​អា និង​១១​សង់​ទី​អា ស្ថិតនៅ​ភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាត់​ចេញពី​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លេខ ០៨១០០៩០១-០៨២៧ ចុះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ និង ២-​កាត់​ផ្ទៃដី​បឹង​ផ្ទា ទំហំ ១៩៦​ហិកតា ៣៨​អា និង​២៦​សង់​ទី​អា ស្ថិតនៅ​ឃុំ​ពុក​ឫស្សី ឃុំ​ព្រែ​កតា​មាក់ និង​ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​បានកំណត់​ក្នុង​អនុក្រឹត្យ​លេខ​២៥​អនក្រ​.​បក ចុះ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្តីពី​ការកំណត់​ផ្ទៃ​ប្រព័ន្ធ​បឹង​វាល​សំណាប ទំហំ ៤ ៨១៥​ហិកតា ស្ថិតក្នុង​ខេត្តកណ្តាល ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ។

​គួរ​រំលឹក​ជូន​ដែរ​ថា កាលពី​អំឡុង​ឆ្នាំ​២០១៦​កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បានចេញ​អនុក្រឹត្យ​លេខ​២៥​អនក្រ​.​បក ចុះ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយបាន​កំណត់​ផ្ទៃ​ប្រព័ន្ធ​បឹង​វាល​សំណាប ទំហំ ៤ ៨១៥​ហិកតា ស្ថិតក្នុង​ខេត្តកណ្តាល ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ជាអាទិ៍ ៖ -​បឹង​វាល​សំណាប ទំហំ ៣ ៧៦៩​ហិកតា​, -​ស្ទឹង​បឹង​ផ្ទា និង​ស្ទឹង​ទ​ទល់ ទំហំ ៣២៨​ហិកតា​, -​បឹង​ផ្ទា ទំហំ ២៣៣​ហិកតា​, -​បឹង​ទ​ទល់ ទំហំ ២៤៤​ហិកតា​, -​បឹង​ក្នុង ទំហំ ៧២​ហិកតា និង -​បឹង​ត្រា ទំហំ ១៦៩​ហិកតា ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.