យោងតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា លោក ញ៉ឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម អាយុ៥២ឆ្នាំ ដែលបច្ចុប្បន្នជាបេក្ខជនជាប់ឆ្នោតក្រុមប្រឹក្សាឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្ស ភ្លើងទៀន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ តាមដីការបង្គាប់ឲ្យចាប់ខ្លួនលេខ១៣៣ដ.ច/២០១២ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ ក្រោមការចោទប្រកាន់ពីបទ ប្លន់ ប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០២ ។



ទោះយ៉ាងណា លោក ញ៉ឹម សារ៉ុម ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការកាលពី១០ឆ្នាំមុននោះ ក៏ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកំពង់ធំ សម្រេចដោះលែងឲ្យមានសេរីភាពវិញកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីបើកសវនាការជំនុំជម្រះមុនអង្គសេចក្តីចេញជាសាលក្រមព្រហ្មទណ្ឌលេខ០២«ឆ» ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២រួចមក ។

ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកំពង់ធំ បានអះអាងឲ្យដឹងថា លោក ញ៉ឹម សារ៉ុម ធ្លាប់ត្រូវបានតុលាការខេត្តកំពង់ធំ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន៥ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ប្លន់ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០០២ (២០ឆ្នាំមុន) តាមសាលក្រមព្រហ្មទណ្ឌកំបាំងមុខលេខ០៧«ង» ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ និងក៏ធ្លាប់ត្រូវបានចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យចាប់ខ្លួនកាលពីអំឡុងឆ្នាំ២០១២ផងដែរ ។

ប្រការគួឲ្យចាប់អារម្មណ៍នោះ គឺនៅត្រង់ថា អស់រយៈពេល១០ឆ្នាំមកហើយ ភ្នាក់ងារអាជ្ញាធរមានសមត្ថកិច្ចស្វែងរកចាប់ខ្លួនលោក ញ៉ឹម សារ៉ុម តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការមិនបានឡើយ (មិនចង់ចាប់ ឬចាប់មិនបានដោយសារលោក ញ៉ឹម សារ៉ុម ចេះបំបាំងកាយ ?) លុះមកដល់លោក ញ៉ឹម សារ៉ុម ក្លាយជាបេក្ខជនជាប់ឆ្នោតមេឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្ស ភ្លើងទៀន នាសម័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ទើបចាប់ខ្លួនលោក ញ៉ឹម សារ៉ុម បានតែម្តង (Sic!) ។

អនុលោមតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា គណបក្ស ភ្លើងទៀន (CLP) ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ២ ២៨៥សំឡេង ស្មើនឹង៥១,៥០% និងគណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ១ ៧៨៩សំឡេង ស្មើនឹង៤០,៣២% ។ ដូច្នេះ លោក ញ៉ឹម សារ៉ុម ដែលជាបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ លំដាប់លេខរៀងទី១ មកពីគណបក្ស ភ្លើងទៀន គឺនឹងត្រូវជាប់ឆ្នោតជាមេឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ សម្រាប់អាណត្តិទី៥ (២០២២-២០២៧) ៕