កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ឯកឧត្តម តាំង ស៊ុនឡាយ ប្រធាន និងជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេច លេខ៧៣៨«ក»ដ.ម ដោយសម្រេចកែតម្រូវ ថ្ងៃ ខែ ឆ្នាំកំណើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញហើយ និងបានបង្គាប់ឲ្យមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ច ព្រមទាំងអាជ្ញាធរ និងស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការកែតម្រូវគល់បញ្ជីសំបុត្របញ្ជាក់កំណើត និងឯកសារបញ្ជាក់អត្តសញ្ញាណពាក់ព័ន្ធផ្សេងទៀតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៀតផង ។

ការណ៍ដែលសាលាដំបូងរាជធានីភ្នំពេញសម្រេចកែតម្រូវថ្ងៃ ខែ ឆ្នាំកំណើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញបែបនេះ គឺបន្ទាប់ពីមានពាក្យស្នើសុំកែតម្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈឯកឧត្តមមេធាវី គី តិច ជាមេធាវីតំណាងដោយអាណត្តិកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ។

នៅថ្ងៃពុធម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាសាមីភាគីស្នើសុំកែតម្រូវថ្ងៃ ខែ ឆ្នាំកំណើតទៅស្ថាប័នតុលាការនោះ ក៏បានចេញសារលិខិតទូលថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជនរួមជាតិ និងជូនដំណឹងទៅដល់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) … អំពីដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញផងដែរ ។

ដំណើរការប្រើប្រាស់ថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ជាថ្ងៃ ខែ ឆ្នាំកំណើតជាផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អស់រយៈពេលជាង៤០ឆ្នាំកន្លងមក គឺបានធ្វើឲ្យមន្ត្រីក្រោមឱវាទជូនពរថ្ងៃចម្រើនជន្មាយុសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតដល់ទៅពីរដងក្នុង១ឆ្នាំ ដែលប្លែកគេនៅលើពិភពលោក (ជូនពរថ្ងៃទី០៤ ខែមេសា ផង និងជូនពរថ្ងៃទី០៥ ខែសីហា ផង) និងក៏បានបង្ហាញឲ្យឃើញថា រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាព និងត្រូវជាបងប្រុសបង្កើតនោះ មានគម្លាតអាយុបង-ប្អូនគ្នាត្រឹមមិនដល់០៥ខែពេញលេញផង ។

សរុបសេចក្តីមក អំណឹះតទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានថ្ងៃ ខែ ឆ្នាំកំណើតតែមួយពិតប្រាកដ និងជាផ្លូវការហើយ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ៕




