ថ្ងៃ ចន្ទ ទី ១៥ ខែ សីហា ឆ្នាំ ២០២២

​ស្វែងរក​ត្រូវ បន្ទាប់ពី​ខុស​អស់​ជាង​៤០​ឆ្នាំ ! នាយករដ្ឋមន្ត្រី​កម្ពុជា មាន​ថ្ងៃ ខែ ឆ្នាំ​កំណើត​តែមួយ​ពិតប្រាកដ និង​ផ្លូវការ​ហើយ

​កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ ឯកឧត្តម តាំង ស៊ុន​ឡាយ ប្រធាន និង​ជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​សម្រេច លេខ​៧៣៨«​ក​»​ដ​.​ម ដោយ​សម្រេច​កែតម្រូវ ថ្ងៃ ខែ ឆ្នាំ​កំណើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​១៩៥១ ទៅជា​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​១៩៥២ វិញ​ហើយ និង​បាន​បង្គាប់​ឲ្យ​មន្ត្រី​អត្រានុកូលដ្ឋាន​មាន​សមត្ថកិច្ច ព្រមទាំង​អាជ្ញាធរ និង​ស្ថាប័ន​ដែលមាន​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ធ្វើការ​កែតម្រូវ​គល់បញ្ជី​សំបុត្រ​បញ្ជាក់​កំណើត និង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ពាក់ព័ន្ធ​ផ្សេងទៀត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ទៀតផង ។​

​ការណ៍​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កែតម្រូវ​ថ្ងៃ ខែ ឆ្នាំ​កំណើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ពីថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​១៩៥១ ទៅជា​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​១៩៥២​វិញ​បែបនេះ គឺ​បន្ទាប់ពី​មាន​ពាក្យស្នើសុំ​កែតម្រូវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន តាមរយៈ​ឯកឧត្តម​មេធាវី គី តិច ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២២​កន្លងទៅ ។

​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​សាមី​ភាគី​ស្នើសុំ​កែតម្រូវ​ថ្ងៃ ខែ ឆ្នាំ​កំណើត​ទៅ​ស្ថាប័ន​តុលាការ​នោះ ក៏​បានចេញ​សារលិខិត​ទូលថ្វាយ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេចព្រះ​មហាសង្ឃរាជ​ទាំងពីរ​គណៈ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ ជនរួមជាតិ និង​ជូនដំណឹង​ទៅដល់​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) … អំពី​ដីកា​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ ។​

​ដំណើរការ​ប្រើប្រាស់​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​១៩៥១ ជា​ថ្ងៃ ខែ ឆ្នាំ​កំណើត​ជា​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អស់​រយៈពេល​ជាង​៤០​ឆ្នាំកន្លងមក គឺ​បានធ្វើ​ឲ្យ​មន្ត្រីក្រោមឱវាទ​ជូនពរ​ថ្ងៃ​ចម្រើន​ជន្មាយុ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រហូតដល់​ទៅ​ពីរដង​ក្នុង​១​ឆ្នាំ ដែល​ប្លែក​គេ​នៅលើ​ពិភពលោក (​ជូនពរ​ថ្ងៃទី​០៤ ខែមេសា ផង និង​ជូនពរ​ថ្ងៃទី​០៥ ខែសីហា ផង​) និង​ក៏បាន​បង្ហាញ​ឲ្យ​ឃើញថា រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង ដែល​ទទួលមរណភាព និង​ត្រូវជា​បងប្រុស​បង្កើត​នោះ មាន​គម្លាត​អាយុ​បង​-​ប្អូន​គ្នា​ត្រឹម​មិន​ដល់​០៥​ខែ​ពេញលេញ​ផង ។

​សរុបសេចក្តី​មក អំណឹះតទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ថ្ងៃ ខែ ឆ្នាំ​កំណើត​តែមួយ​ពិតប្រាកដ និង​ជា​ផ្លូវការ​ហើយ គឺ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​១៩៥២ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.