យោងតាមសំណើរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រេចកំណត់ផ្ទៃបឹងទន្លេបាទី ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋត្រឹមទំហំ ៩៧ហិកតា ១៩អា និង១៩សង់ទីអា ប៉ុណ្ណោះ ដែលក្នុងនោះផ្ទៃបឹងទំហំ ៥៧ហិកតា ៧៥អា និង៦៩សង់ទីអា ស្ថិតក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ ចុះបញ្ជីជូនរដ្ឋបាលខេត្តតាកែវ និងផ្ទៃបឹងទំហំ ៣៩ហិកតា ៤៣អា និង៥០សង់ទីអា ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចុះបញ្ជីជូនរដ្ឋបាលខេត្តកណ្តាល ដោយអនុក្រឹត្យលេខ៤៦អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ។


ដោយឡែក ស្មារតីនៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៤៦អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ក៏បានចែងបញ្ជាក់ឲ្យដឹងដែរថា ផ្ទៃដីទំហំ ២២២ហិកតា ៦៣អា និង៧៧សង់ទីអា នៅសល់ពីផ្ទៃបឹងទន្លេបាទី ដែលរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវធ្វើអនុបយោគជាសម្បត្តិឯកជនរបស់រដ្ឋ ក្នុងនោះផ្ទៃបឹងទំហំ ១១៦ហិកតា ៣៥អា និង៣៤សង់ទីអា ស្ថិតនៅភូមិទន្លេបាទ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ចុះបញ្ជីជូនរដ្ឋបាលខេត្តតាកែវ និងផ្ទៃដីទំហំ ១០៦ហិកតា ២៨អា និង៤៣សង់ទីអា ស្ថិតនៅឃុំព្រែករកា និងឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចុះបញ្ជីជូនរដ្ឋបាលខេត្តកណ្តាល ។


គួរបញ្ជាក់ជូនដែរថា ផ្ទៃដីទំហំ ២២២ហិកតា ៦៣អា និង៧៧សង់ទីអា ដែលជាផ្ទៃដីនៅសល់ពីផ្ទៃបឹងទន្លេបាទី ហើយត្រូវបានធ្វើអនុបយោគជាសម្បត្តិឯកជនរបស់រដ្ឋនោះ ត្រូវបានអាជ្ញាធរប្រគល់ឲ្យទៅឈ្មោះ ស្រ៊ុន ប៊ុនលាភ ធ្វើការអភិវឌ្ឍជាកម្មសិទ្ធិឯកជន (Sic!) ៕

