នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះហត្ថលេខានៅលើប្រកាសលេខ១៧៩ សខប សម្រេចលុបឈ្មោះ លោក កែវ សុមុនី មុខជំនាញបរិញ្ញាបត្រគិលានុបដ្ឋាក បម្រើការងារនៅនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ចេញពីក្របខ័ណ្ឌក្រសួងសុខាភិបាល តាមវិធានការខាងវិន័យ ចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២តទៅ ។

លោក កែវ សុមុនី អាយុ៤៨ឆ្នាំ ជាមន្ត្រីបម្រើការងារនៅការិយាល័យបង្ការ និងគ្រប់គ្រងសេវាថែទាំព្យាបាល នៃនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល បានឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយឈរឈ្មោះជាបេក្ខជននៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកពីគណបក្ស ភ្លើងទៀន (CLP) ។

ដោយខ្លួនបានឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មកពីគណបក្ស ភ្លើងទៀន ដូច្នេះ លោក កែវ សុមុនី ក៏បានដាក់ពាក្យសុំច្បាប់ពិសេសចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ជាផ្លូវការ តាមរយៈថ្នាក់ដឹកនាំអង្គភាពរបស់ខ្លួន ប៉ុន្តែមិនបានដឹងថា តើថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតច្បាប់ពិសេសនេះជូនលោក កែវ សុមុនី ដែរឬយ៉ាងណានោះឡើយ ។

យោងតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (មិនទាន់ជាលទ្ធផលផ្លូវការ) បានបង្ហាញថា នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺគណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៤ ១៨១សំឡេង ស្មើនឹង៨៤,៥៥% និងគណបក្ស ភ្លើងទៀន (CLP) ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៧៦៤សំឡេង ស្មើនឹង១៥,៤៥% ។ ដូច្នេះលោក កែវ សុមុនី ដែលជាបេក្ខជនឈរឈ្មោះបោះឆ្នោតលំដាប់លេខរៀងទី១ មកពីគណបក្ស ភ្លើងទៀន អាចនឹងជាប់ឆ្នោតជាចៅសង្កាត់រងទី២ នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕
