ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

​អស់​ក្របខ័ណ្ឌ​មន្ត្រី​ក្រោម​វិធានការ​វិន័យ​ដ៏​ក្តៅគគុក ! មន្ត្រី​សុខាភិបាល​ម្នាក់​ត្រូវបាន​ក្រសួង​លុប​ក្របខ័ណ្ឌ បន្ទាប់ពី​ឈរឈ្មោះ​បេក្ខជន​ក្រុមប្រឹក្សា​សង្កាត់ ខាង​គណបក្ស​ភ្លើងទៀន

​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២​នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ចុះហត្ថលេខា​នៅលើ​ប្រកា​សលេខ​១៧៩ សខប សម្រេច​លុបឈ្មោះ លោក កែវ សុ​មុនី មុខជំនាញ​បរិញ្ញាបត្រ​គិលានុបដ្ឋាក បម្រើ​ការងារ​នៅ​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត និង​ការបំពាន​គ្រឿងញៀន ចេញពី​ក្របខ័ណ្ឌ​ក្រសួងសុខាភិបាល តាម​វិធានការ​ខាង​វិន័យ ចាប់ពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២​តទៅ ។

​លោក កែវ សុ​មុនី អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ការិយាល័យ​បង្ការ និង​គ្រប់គ្រង​សេវា​ថែទាំ​ព្យាបាល នៃ​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត និង​ការបំពាន​គ្រឿងញៀន នៃ​ក្រសួងសុខាភិបាល បាន​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដោយ​ឈរឈ្មោះ​ជា​បេក្ខជន​នៅ​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មកពី​គណបក្ស ភ្លើងទៀន (CLP) ។

​ដោយ​ខ្លួន​បាន​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ មកពី​គណបក្ស ភ្លើងទៀន ដូច្នេះ លោក កែវ សុ​មុនី ក៏បាន​ដាក់ពាក្យ​សុំច្បាប់​ពិសេស​ចាប់ពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២២ រហូតដល់​ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ជា​ផ្លូវការ តាមរយៈ​ថ្នាក់ដឹកនាំ​អង្គភាព​របស់ខ្លួន ប៉ុន្តែ​មិនបាន​ដឹងថា តើ​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​បានសម្រេច​អនុញ្ញាត​ច្បាប់​ពិសេស​នេះ​ជូន​លោក កែវ សុ​មុនី ដែរ​ឬ​យ៉ាងណា​នោះឡើយ ។

​យោងតាម​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​មិនទាន់​ជា​លទ្ធផល​ផ្លូវការ​) បាន​បង្ហាញថា នៅ​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ គឺ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៤ ១៨១​សំឡេង ស្មើនឹង​៨៤,៥៥% និង​គណបក្ស ភ្លើងទៀន (CLP) ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៧៦៤​សំឡេង ស្មើនឹង​១៥,៤៥% ។ ដូច្នេះ​លោក កែវ សុ​មុនី ដែលជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​លំដាប់​លេខ​រៀង​ទី​១ មកពី​គណបក្ស ភ្លើងទៀន អាច​នឹង​ជាប់ឆ្នោត​ជា​ចៅសង្កាត់រង​ទី​២ នៅ​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.