យោងតាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីពិនិត្យ ដោះស្រាយ និងចុះបញ្ជីសំណល់ដីដែលភាគីកម្ពុជាទទួលបានបន្ទាប់ពីការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា-វៀតណាម ដោយសេចក្តីសម្រេចលេខ១៦សសរ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ។

ក្រុមការងារអន្តរក្រសួងនេះ មានឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ជាប្រធាន, អនុប្រធានចំនួន៤រូប (ក្នុងនោះ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍) និងសមាជិកចំនួន១៥រូបទៀត ។
ដំណើរការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសារធារណរដ្ឋសង្គមនិយមវៀតណាម គឺអនុវត្តទៅតាមច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១២១៩/០២១ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ។
ច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១១០៥/០៣៩ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៥ ហៅកាត់ថា «សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥» ដែលជាសន្ធិសញ្ញាកើតឡើងពោរពេញដោយភាពចម្រូងចម្រាសបំផុត រហូតដល់មានសកម្មជនព្រំដែនមួយចំនួនរងការចោទប្រកាន់ និងចាប់ខ្លួនដាក់ពន្ធនាគារទៀតផង ។
បច្ចុប្បន្ន ដំណើរការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម មិនទាន់បានបញ្ចប់រួចរាល់១០០%នៅឡើយទេ ប៉ុន្តែទទួលបានលទ្ធផលប្រមាណជាង៩០%ហើយៗត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអះអាងថា «សល់ដី» នៅក្រោយការបោះបង្គោលព្រំដែនរួច ៕



