ថ្ងៃ ចន្ទ ទី ១៥ ខែ សីហា ឆ្នាំ ២០២២

​ចំណេញ​ដី ? រាជរដ្ឋាភិបាល​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ពិនិត្យ ដោះស្រាយ និង​ចុះបញ្ជី​សំណល់​ដី​ដែល​កម្ពុជា​ទទួលបាន​ក្រោយ​ការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​

​យោងតាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានសម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ ដើម្បី​ពិនិត្យ ដោះស្រាយ និង​ចុះបញ្ជី​សំណល់​ដី​ដែល​ភាគី​កម្ពុជា​ទទួលបាន​បន្ទាប់​ពី​ការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា​-​វៀតណាម ដោយ​សេចក្តីសម្រេច​លេខ​១៦​សសរ ចុះ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២២ ។

​ក្រុមការងារ​អន្តរក្រសួង​នេះ មាន​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន​, អនុប្រធាន​ចំនួន​៤​រូប (​ក្នុងនោះ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ជា​អនុប្រធាន​អចិន្ត្រៃយ៍​) និង​សមាជិក​ចំនួន​១៥​រូប​ទៀត ។

​ដំណើរការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សារ​ធារ​ណ​រដ្ឋ​សង្គមនិយម​វៀតណាម គឺ​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​នស​/​រកម​/១២១៩/០២១ ចុះ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៩ ។

​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ទៅលើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​នស​/​រកម​/១១០៥/០៣៩ ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០០៥ ហៅ​កាត់​ថា «​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥» ដែលជា​សន្ធិសញ្ញា​កើតឡើង​ពោរពេញ​ដោយ​ភាពចម្រូងចម្រាស​បំផុត រហូតដល់​មាន​សកម្មជន​ព្រំដែន​មួយចំនួន​រង​ការចោទប្រកាន់ និង​ចាប់ខ្លួន​ដាក់ពន្ធនាគារ​ទៀតផង ។

​បច្ចុប្បន្ន ដំណើរការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម មិនទាន់​បានបញ្ចប់​រួចរាល់​១០០%​នៅឡើយ​ទេ ប៉ុន្តែ​ទទួលបាន​លទ្ធផល​ប្រមាណ​ជាង​៩០%​ហើយៗ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា «​សល់​ដី​» នៅក្រោយ​ការបោះបង្គោល​ព្រំដែន​រួច ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.