បន្ទាប់ពីបានយកចំណេះដឹងកម្រិតថ្នាក់បណ្ឌិតពីប្រទេសរុស្ស៊ី (អតីតសហភាពសូវៀត) ចូលមកប្រទេសកម្ពុជាវិញ ក្រៅពីបានកាន់មុខតំណែងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) គឺឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ដែលត្រូវជាកូនប្រសារបស់ឯកឧត្តម អ៊ឹម សិទ្ធី អតីតរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានបំពេញការងារជាច្រើននៅស្និទ្ធជំនិតនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ជាអាទិ៍ ៖ ជំនួយការ ទីប្រឹក្សាផ្ទាល់ទទួលបន្ទុកសេដ្ឋកិច្ច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើរហូតដល់ទេសរដ្ឋមន្ត្រី…។

ក្នុងនាមជាមន្ត្រីជំនិតនឹងនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទទួលបានការតែងតាំងជាអគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន តាំងពីនៅមានអាយុ៣៤ឆ្នាំ (សម័យឯកឧត្តម គាត ឈន់ អតីតជារដ្ឋមន្ត្រី) ដោយព្រះរាជក្រឹត្យលេខនស/រកត/០២៩៩/២៩ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩៩៩ (រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី២នៃរដ្ឋសភា) ។

ក្រោយការបង្កើតរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៣នៃរដ្ឋសភា ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទទួលបានការតែងតាំងជា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (សម័យឯកឧត្តម គាត ឈន់ អតីតជារដ្ឋមន្ត្រី និងឯកឧត្តម គង់ វិបុល អតីតជារដ្ឋលេខាធិការទី១) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧០៤/១២៤ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ។

ក្រោយការបង្កើតរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៤នៃរដ្ឋសភា ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទទួលបានការតែងតាំងជា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (សម័យឯកឧត្តម គាត ឈន់ អតីតជារដ្ឋមន្ត្រី) បន្តទៀត ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ។

ក្រោយការបង្កើតរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥នៃរដ្ឋសភា ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទទួលបានការតែងតាំងជា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនួសឯកឧត្តម គាត ឈន់ តែម្តង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ។ រយៈពេលប្រមាណជិត៣ឆ្នាំក្រោយមក ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ត្រូវបានដំឡើងឋានៈ និងមុខតំណែងជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ។


នៅពាក់កណ្តាលឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានការតែងតាំងជា សមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជា បណ្ឌិតសភាចារ្យ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៧/៥៣៥ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ។ ប្រមាណជិត០២ខែក្រោយមក ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏ទទួលបានការតែងតាំងជា ប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨១៧/៥៩៣ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ។ ជិតមួយឆ្នាំក្រោយមកទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏ទទួលបានការផ្តល់គោរមងារថ្មីជា អគ្គបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៨/៤០០ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ។


លុះឈានមកដល់ការបង្កើតរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា ដែលអ្នកតំណាងរាស្ត្រចំនួន១២៥នាក់សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា (CPP) ទាំងស្រុងនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទទួលបានការតែងតាំងមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពោលគឺ ស្ថិតនៅក្រោមឋានៈនាយករដ្ឋមន្ត្រីត្រឹមតែមួយថ្នាក់ប៉ុណ្ណោះ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ។
សរុបសេចក្តីមក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន (បច្ចុប្បន្ន អាយុ៥៦ឆ្នាំ ០៤ខែ) ត្រូវបានអាចចាត់ទុកថា ជាឧត្តមមន្ត្រីជោគជ័យក្នុងមុខតំណែងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលពាក្យសាមញ្ញហៅថា «ក្រសួងលុយកាក់» និងក្នុងឋានៈជាមន្ត្រីជំនិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម័យព្រះរាជាណាចក្រទី២នេះ ៕