ថ្ងៃ ចន្ទ ទី ១៥ ខែ សីហា ឆ្នាំ ២០២២

​មន្ត្រី​ជោគជ័យ​ក្នុង​តំណែង​នៅ «​ក្រសួង​លុយកាក់​» និង​ជំនិត​នាយករដ្ឋមន្ត្រី​កម្ពុជា សម័យ​ព្រះរាជាណាចក្រ​ទី​២

​បន្ទាប់ពី​បាន​យកចំណេះ​ដឹង​កម្រិត​ថ្នាក់បណ្ឌិត​ពី​ប្រទេស​រុស្ស៊ី (​អតីត​សហភាពសូវៀត​) ចូលមក​ប្រទេស​កម្ពុជា​វិញ ក្រៅពី​បាន​កាន់​មុខតំណែង​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) គឺ​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ដែល​ត្រូវជា​កូនប្រសា​របស់​ឯកឧត្តម អ៊ឹម សិទ្ធី អតីតរដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្លាប់បាន​បំពេញការងារ​ជាច្រើន​នៅ​ស្និទ្ធ​ជំនិត​នឹង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ជាអាទិ៍ ៖ ជំនួយការ ទីប្រឹក្សា​ផ្ទាល់​ទទួលបន្ទុក​សេដ្ឋកិច្ច រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ មាន​ឋានៈ​ស្មើ​រហូតដល់​ទេសរដ្ឋមន្ត្រី​…​។​

​ក្នុងនាម​ជាម​ន្ត្រី​ជំនិត​នឹង​នាយករដ្ឋមន្ត្រី ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទទួលបាន​ការតែងតាំង​ជា​អគ្គលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន តាំងពី​នៅមាន​អាយុ​៣៤​ឆ្នាំ (​សម័យ​ឯកឧត្តម គាត ឈន់ អតីត​ជា​រដ្ឋមន្ត្រី​) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២៩៩/២៩ ចុះ​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​១៩៩៩ (​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​២​នៃ​រដ្ឋសភា​) ។

​ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៣​នៃ​រដ្ឋសភា ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទទួលបាន​ការតែងតាំង​ជា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​សម័យ​ឯកឧត្តម គាត ឈន់ អតីត​ជា​រដ្ឋមន្ត្រី និង​ឯកឧត្តម គង់ វិបុល អតីត​ជា​រដ្ឋលេខាធិការ​ទី​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧០៤/១២៤ ចុះ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០០៤ ។

​ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៤​នៃ​រដ្ឋសភា ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទទួលបាន​ការតែងតាំង​ជា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​សម័យ​ឯកឧត្តម គាត ឈន់ អតីត​ជា​រដ្ឋមន្ត្រី​) បន្តទៀត ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩០៨/១០៥៥ ចុះ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០០៨ ។

​ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៥​នៃ​រដ្ឋសភា ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទទួលបាន​ការតែងតាំង​ជា រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈន់ តែម្តង ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៣/៩០៣ ចុះ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៣ ។ រយៈពេល​ប្រមាណ​ជិត​៣​ឆ្នាំ​ក្រោយមក ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ត្រូវបាន​ដំឡើង​ឋានៈ និង​មុខតំណែង​ជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៦/៣៦៨ ចុះ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦ ។

​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៧ ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទទួលបាន​ការតែងតាំង​ជា សមាជិក​ពេញសិទ្ធិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា មាន​គោរមងារ​ជា បណ្ឌិតសភា​ចា​រ្យ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៥៣៥ ចុះ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ ។ ប្រមាណ​ជិត​០២​ខែក្រោយ​មក ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ក៏​ទទួលបាន​ការតែងតាំង​ជា ប្រធាន​ក្រុមប្រឹក្សា​បណ្ឌិត​សភាចា​រ្យ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៧/៥៩៣ ចុះ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៧ ។ ជិត​មួយឆ្នាំ​ក្រោយមកទៀត ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ក៏​ទទួលបាន​ការផ្តល់​គោរមងារ​ថ្មី​ជា អគ្គបណ្ឌិត​សភាចា​រ្យ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៨/៤០០ ចុះ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ ។

​លុះ​ឈាន​មកដល់​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦​នៃ​រដ្ឋសភា ដែល​អ្នកតំណាងរាស្ត្រ​ចំនួន​១២៥​នាក់​សុទ្ធតែ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទាំងស្រុង​នោះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទទួលបាន​ការតែងតាំង​មុខតំណែង​ជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពោលគឺ ស្ថិតនៅក្រោម​ឋានៈ​នាយករដ្ឋមន្ត្រី​ត្រឹម​តែមួយ​ថ្នាក់​ប៉ុណ្ណោះ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៨/៩២៥ ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ ។

​សរុបសេចក្តី​មក ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន (​បច្ចុប្បន្ន អាយុ​៥៦​ឆ្នាំ ០៤​ខែ​) ត្រូវបាន​អាច​ចាត់ទុកថា ជា​ឧ​ត្ត​ម​មន្ត្រី​ជោគជ័យ​ក្នុង​មុខតំណែង​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ពាក្យ​សាមញ្ញ​ហៅថា «​ក្រសួង​លុយកាក់​» និង​ក្នុងឋានៈ​ជាម​ន្ត្រី​ជំនិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម័យ​ព្រះរាជាណាចក្រ​ទី​២​នេះ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.