បងប្រុសច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺលោក ហ៊ុន សាន ដែលធ្លាប់បម្រើការងារនៅសហគ្រាសសាធារណៈភ្នាក់ងារកម្ពុជានាវាចរ «កាំសាប»នៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់តែងតាំងមុខតំណែងជា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦២២/៦៤២ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

កាលពីអំឡុងឆ្នាំ២០១៧កន្លងទៅ ឯកឧត្តម ហ៊ុន សាន ធ្លាប់បានធ្វើលិខិតលាយលក្ខណ៍អក្សរមួយច្បាប់គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយរៀបរាប់អំពីអំពើរបស់លោកនាយឧត្តមសេនីយ៍ប៉ូលិស ម៉ក់ ជីតូ បានធ្វើសកម្មភាពរំលោភបំពានលើដីធ្លីរបស់ឯកឧត្តម និងក្រុមគ្រួសារ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម ហ៊ុន សាន ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ជាតូបការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៤/៩១៣ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ៕

