ថ្ងៃ ចន្ទ ទី ១៥ ខែ សីហា ឆ្នាំ ២០២២

វីវរ​ហើយ ! រឿង​ធ្វើ​អនុ​ប​យោគ​ផ្ទៃដី​មេទឹក​២​ទីតាំងនៅ​ខេត្តកណ្តាល ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ មាន​ភាពលម្អៀង​ខុសគ្នា​រវាង​ខ្លឹមសារ​អនុក្រឹត្យ និង​គំនូស​ប្លង់​បង្ហាញ​ទីតាំង​ដី​រហូតដល់​១១​ហិកតា​

​កាលពីដើមឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា​នៅលើ​អនុក្រឹត្យ​លេខ​៣៨​អនក្រ​.​បក ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២ សម្រេច​ធ្វើ​អនុ​ប​យោគ​ដី​មេទឹក និង​ដី​បឹង​ចំនួន​៤​ទីតាំង មាន​ទំហំ​សរុប​ជាង​២៣៤​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ខ្សាច់កណ្តាល ស្រុក​មុខកំពូល និង​ស្រុក​អង្គស្នួល ខេត្តកណ្តាល ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មកជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​វិញ តាម​សំណើ​របស់​រដ្ឋបាលខេត្ត​កណ្តាល ដែលមាន​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ជា​អភិបាល​នៃ​គណៈ​អភិបាល ។

​ប្រការ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ទាំង​ហួសចិត្ត គឺ​ក្នុងចំណោម​ផ្ទៃដី​មេទឹក និង​ផ្ទៃដី​បឹង​ចំនួន​៤​ទីតាំង ទំហំ​ជាង​២៣៤​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ខ្សាច់កណ្តាល ស្រុក​មុខកំពូល និង​ស្រុក​អង្គស្នួល ខេត្តកណ្តាល ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ធ្វើ​អនុ​ប​យោគ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មកជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ តាម​សំណើ​របស់​រដ្ឋបាលខេត្ត​កណ្តាល​នោះ មាន​២​ទីតាំង (​ផ្ទៃដី​មេទឹក​បឹង​ជន្លេន ទំហំ​ជាង​៨៩​ហិកតា និង​ផ្ទៃដី​បឹង​ដើម​ពោធិ៍ ទំហំ​ជាង​៤០​ហិកតា​) មាន​ទំហំ​ស្របគ្នា​បើ​ប្រៀបធៀប​ការចែង​នៅក្នុង​ខ្លឹមសារ​នៃ​អនុក្រឹត្យ និង​គំនូស​ប្លង់​បង្ហាញ​ទីតាំង​ដី ដែលជា​ឧបសម្ព័ន្ធ​នៃ​អនុក្រឹត្យ (​សូម​អាន​ខ្លឹមសារ​អត្ថបទ​របស់​គេហទំព័​រ​សារព័ត៌មាន ដើមត្នោត ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២​បន្ថែម​) ។​

ដោយឡែក ផ្ទៃដី​ចំនួន​២​ទីតាំង​ទៀត គឺ​ផ្ទៃដី​មេទឹក​ប្រមូល​ខ្លា ស្ថិតនៅ​ភូមិ​អ​ញ្ចែ​ង​ក្រោម ឃុំ​ពុក​ឫស្សី ស្រុក​មុខកំពូល ខេត្តកណ្តាល (​ក្នុង​ខ្លឹមសារ​អនុក្រឹត្យ​ចែងថា មាន​ទំហំ ៥៩​ហិកតា ៤២​អា និង​០៣​សង់​ទី​អា ឬ ៥៩​ហិកតា ៤ ២០៣​មែត្រ​ក្រឡា ប៉ុន្តែ​នៅក្នុង​គំនូស​ប្លង់​បង្ហាញ​ទីតាំង​ដី​ដែលជា​ឧបសម្ព័ន្ធ​នៃ​អនុក្រឹត្យ បែរជា​ចែងថា មាន​ទំហំ ៥៣​ហិកតា ៤ ២០៣​ម៉ែត្រការ៉េ ទៅវិញ ពោល​មាន​ភាពលម្អៀង​ខុសគ្នា​រហូតដល់​ទៅ ៦​ហិកតា​) និង​ផ្ទៃដី​មេទឹក​ផ្លូវ​ទូក ស្ថិតនៅ​ភូមិ​ពុក​ឫស្សី​លើ និង​ភូមិ​ក្រូចសើច ឃុំ​ពុក​ឫស្សី ស្រុក​មុខកំពូល ខេត្តកណ្តាល (​ក្នុង​ខ្លឹមសារ​អនុក្រឹត្យ​ចែងថា មាន​ទំហំ ៤៣​ហិកតា ៩៧​អា និង​០៤​សង់​ទី​អា ឬ ៤៣​ហិកតា ៩ ៧០៤​ម៉ែត្រក្រឡា ប៉ុន្តែ​នៅក្នុង​គំនូស​ប្លង់​បង្ហាញ​ទីតាំង​ដី ដែលជា​ឧបសម្ព័ន្ធ​នៃ​អនុក្រឹត្យ បែរជា​ចែងថា មាន​ទំហំ ៣៨​ហិកតា ៩ ៧០៤​ម៉ែត្រការ៉េ ទៅវិញ ពោល​មាន​ភាពលម្អៀង​ខុសគ្នា​រហូតដល់​ទៅ ៥​ហិកតា​) ។

​យោងតាម​ព័ស្តុតាង​ជាក់ស្តែង​ដូច្នេះ បានបង្ហាញ​ឲ្យ​ឃើញថា ករណី​ធ្វើ​អនុ​ប​យោគ​ផ្ទៃដី​មេទឹក និង​ផ្ទៃដី​បឹង​ចំនួន​២​ទីតាំង ក្នុងចំណោម​៤​ទីតាំង ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល ដូច​បានលើកឡើង​ខាងលើ នាំ​ឲ្យ​មាន​ភាពលម្អៀង​ខុសគ្នា​រវាង​ទំហំ​ផ្ទៃដី​ចែង​នៅក្នុង​ខ្លឹមសារ​អនុក្រឹត្យ និង​គំនូស​ប្លង់​បង្ហាញ​ទីតាំង​ដី​ដែលជា​ឧបសម្ព័ន្ធ​នៃ​អនុក្រឹត្យ​រហូតដល់​ទៅ ១១​ហិកតា ឯណោះ (Sic!) ។​

​មជ្ឈដ្ឋាន​អ្នកតាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​ចោទ​ជា​សំណួរ​ថា តើ​ភាពមិនប្រក្រតី​ទាំងនេះ​កើតចេញពី​កំហុសឆ្គង​ខាង​បច្ចេកទេស បង្ហាញ​ពី​របៀបរបប​ធ្វើការ​ខ្ជីខ្ជា​ធ្វេសប្រហែស​របស់​មន្ត្រីរាជកា​រ​ក្រោម​ឱវាទ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​កើតចេញពី​ចេតនា​របស់​មន្ត្រីរដ្ឋបាល​ខេត្តកណ្តាល ចង់ «​បន្លំ​បំភ័ន្ត​» មន្ត្រី​ថ្នាក់លើ​ពាក់ព័ន្ធ​នឹង​ទំហំ​ផ្ទៃដី​លម្អៀង​ចំនួន ១១​ហិកតា ? ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.