ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

​គ​.​ជ​.​ប ក៏​ប្តឹង​ដែរ ! លោក សុន ឆ័យ រង​ការប្តឹង​ក្នុង​បទ​ព្រហ្មទណ្ឌ​មួយ​ករណី​ទៀត​ពី​សំណាក់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​

​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា (​គ​.​ជ​.​ប​) ដែល​តំណាង​ដោយ​ឯកឧត្តម ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​ប្រធាន​ក្រុម​ប្រតិកម្ម​ព័ត៌មាន​នៃ គ​.​ជ​.​ប និង​ឯកឧត្តម សោម សូ​រី​ដា អគ្គលេខាធិការរង​នៃ គ​.​ជ​.​ប បានដាក់​ពាក្យបណ្តឹង​ទៅដល់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចហើយ ដោយ​ប្តឹង​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ( CLP ) ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​សុំ​ឲ្យ​លោក សុន ឆ័យ ធ្វើលិខិត​សុំទោស គ​.​ជ​.​ប ជា​លាយលក្ខណ៍អក្សរ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ ។

​ពាក្យបណ្តឹង​របស់ គ​.​ជ​.​ប គឺ​បាន​យោងទៅលើ​អង្គហេតុ​ដែល​លោក សុន ឆ័យ ផ្តល់​បទសម្ភាសន៍​ជាមួយ​លោក តាំង សា​រ៉ា​ដា បុគ្គលិក​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២២ ពាក់ព័ន្ធ​នឹង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ។

​គួរ​រំលឹក​ជូន​ដែរ​ថា កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ គណបក្ស​ប្រជាជន​កម្ពុជា ( CPP ) តំណាង​ដោយ​ឯកឧត្តម​មេធាវី គី តិច សមាជិក​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ( BAKC ) អត្តលេខ​១៥៦ ជា​មេធាវី​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ដាក់ពាក្យ​ប្តឹង​ប្រឆាំងនឹង​លោក សុន ឆ័យ រួចហើយ​ផងដែរ ដោយ​ប្តឹង​ពីបទ​ល្មើស​ព្រហ្មទណ្ឌ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ គិត​ជា​ទឹកប្រាក់​រហូតដល់​ប្រមាណ​ ១​លាន​ដុល្លារ​អាមេរិក ។

​អនុលោម​តាម​បញ្ញត្តិ​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តី​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ គឺ​ប្រសិនបើ​លោក សុន ឆ័យ ត្រូវបាន​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​រកឃើញ​មាន​ពិ​រុទ្ធ​មែន​នោះ នឹងត្រូវ​រង​ការពិន័យ​ជា​ប្រាក់​ពី ១០០ ០០០ ( ​មួយ​សែន ​) រៀល ទៅ ១០ ០០០ ០០០ (​ ដប់​លាន ​) រៀល ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.