ពីព្រះរាជដំណាក់ ឆាងស៊ូវុន ប្រទេសកូរ៉េខាងជើង ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ កាលព្រះអង្គគង់នៅជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានឡាយព្រះហស្តលេខានៅលើព្រះរាជក្រឹត្យលេខនស/រកត/០៨០៤/១៦៣ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០០៤ ដោយបានត្រាស់បង្គាប់ ដូចតទៅ ៖ «បើនៅក្នុងថ្ងៃណាមួយ ខ្ញុំសម្រេចដាក់រាជសម្បត្តិ ចាប់តាំងពីថ្ងៃនោះទៅរហូតដល់ព្រះអង្គសោយទិវង្គត់ ហើយដរាបតទៅមុខទៀត សម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនិនាថ សីហនុ ព្រះអង្គមានព្រះឋានៈជា សម្តេច និងព្រះបរមងារជា សម្តេចព្រះអតីតព្រះរាជឯកអគ្គមហេសីនៃកម្ពុជា» ។

ដំណាលគ្នានោះ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់ក៏បានឡាយព្រះហស្តលេខានៅលើព្រះរាជក្រឹត្យលេខនស/រកត/០៨០៤/១៦៤ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០០៤ តែងតាំងស្តេចក្រុមឃុន នរោត្តម សីហមុនី ដែលជាព្រះរាជបុត្រារបស់ព្រះអង្គជា «សម្តេច នរោត្តម សីហមុនី»ផងដែរ និងរយៈពេលជាង២០ថ្ងៃក្រោយមក ព្រះអង្គក៏បានប្រទានគោរមងារ សម្តេច នរោត្តម សីហមុនី ជា «សម្តេចព្រះបរមនាថ នរោត្តម សីហមុនី» ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៤/២២៨ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤ ។

រយៈពេលប្រមាណជាង០១ខែក្រោយមកទៀត ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចុះហត្ថលេខានៅលើព្រះរាជក្រមលេខនស/រកម/១០០៤/០០៣ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០០៤ ប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ មាន៥ជំពូក និង១៨មាត្រា ។

ក្រុមប្រឹក្សារាជសម្បត្តិបានសម្រេចជ្រើសរើសសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយសេចក្តីសម្រេចលេខករស/សសរ/១០០៤/០០១ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ។

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គក៏បានយាងឡើងគ្រងព្រះបរមរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ នៅថ្ងៃដដែលនេះ ព្រះអង្គក៏បានឡាយព្រះហស្តលេខានៅលើព្រះរាជក្រមលេខនស/រកម/១០០៤/០០១ ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំព្រះបរមងារ និងព្រះរាជបុព្វសិទ្ធថ្វាយអតីតព្រះមហាក្សត្រ និងព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន៣ជំពូក និង៧មាត្រា (ជាព្រះរាជក្រមទី១ ដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានឡាយព្រះហស្តលេខា បន្ទាប់ពីព្រះអង្គបានយាងឡើងគ្រងព្រះបរមរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា) ។

អនុលោមតាមមាត្រា២ កថាខណ្ឌទី២នៃច្បាប់ស្តីពីការរៀបចំព្រះបរមងារ និងព្រះរាជបុព្វសិទ្ធថ្វាយអតីតព្រះមហាក្សត្រ និងព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា «សម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនិនាថ សីហនុ ព្រះមហេសីនៃព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានថ្វាយព្រះបរមងារជា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល» ។

ថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ គឺជាព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម៨៦ព្រះវស្សា យាងចូល៨៧ព្រះវស្សា ៕

