ឈានចូលដល់ដើមឆ្នាំ២០២២ភ្លាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខានៅលើអនុក្រឹត្យលេខ២៨អនក្រ.បក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ សម្រេចកាត់ផ្ទៃដីចំនួន២ទីតាំង មានទំហំសរុប ២៨១ ៦៣៤ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ពន្សាំង និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនរដ្ឋបាលរាជធានីភ្នំពេញ ។



មិនទាន់មានប្រភពជាក់លាក់ណាមួយបញ្ជាក់ឲ្យដឹងថា តើរដ្ឋបាលរាជធានីភ្នំពេញដែលមានឯកឧត្តម ឃួង ស្រេង ជាអភិបាលនៃគណៈអភិបាលនោះ យកផ្ទៃដីទំហំជាង២៨ហិកតា ដែលទើបកាត់ចេញបន្ថែមពីផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើប្រទានកម្មប្រគល់ជូនជាកម្មសិទ្ធិ ដើម្បីអភិវឌ្ឍន៍ធ្វើអ្វីពិតប្រាកដនៅឡើយ ។

គិតត្រឹមថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិសាស្ត្ររាជធានីភ្នំពេញ យ៉ាងហោចណាស់មានទំហំប្រមាណ ១៩ ០៤០ ៥៣៧,៥ម៉ែត្រក្រឡា (ជាង ១ ៩០៤ហិកតា) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចធ្វើអនុបយោគទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រទានកម្មទៅឲ្យស្ថាប័នរដ្ឋ និងបុគ្គលឯកជន (ជាមន្ត្រីរបស់រដ្ឋ និងអ្នកជំនួញ…) យ៉ាងច្រើនជាហូរហែធ្វើជាកម្មសិទ្ធិ ៕

