យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដនស) រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រេចធ្វើអនុបយោគផ្ទៃបឹងមេទឹកបែកក្អម ទំហំ៥៣ហិកតា ៩៦អា និង៦៦សង់ទីអា ស្ថិតនៅឃុំព្រែកអញ្ចាញ និងបឹងមេទឹកអំពៅឌៀប ទំហំ១២៨ហិកតា ៤៤អា និង៩១សង់ទីអា ស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ពីសម្បត្តិសាធារណៈរបស់រដ្ឋ មកជាសម្បត្តិឯកជនរបស់រដ្ឋ ដោយអនុក្រឹត្យលេខ២៥អនក្រ.បក ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ។




ការធ្វើអនុបយោគផ្ទៃបឹងមេទឹកទាំងពីរទំហំជិត២០០ហិកតា ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល ពីសម្បត្តិសាធារណៈរបស់រដ្ឋ មកជាសម្បត្តិឯកជនរបស់រដ្ឋនេះ គឺកើតឡើងក្រោយរយៈពេលប្រមាណជាង០១ខែប៉ុណ្ណោះ បន្ទាប់ពីផ្ទៃបឹងមេទឹកទាំងពីរត្រូវបានកំណត់ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដោយអនុក្រឹត្យលេខ២៤៣អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ។





មជ្ឈដ្ឋានអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជា បានធ្វើការព្យាករណ៍ទុកថា ការធ្វើអនុបយោគផ្ទៃបឹងមេទឹកបែកក្អម និងបឹងមេទឹកអំពៅឌៀប ទំហំជិត២០០ហិកតា ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល ពីសម្បត្តិសាធារណៈរបស់រដ្ឋ មកជាសម្បត្តិឯកជនរបស់រដ្ឋបែបនេះ គឺអាចនឹងក្លាយទៅជាកម្មវត្ថុនៃការកាត់ដោះដូរ លក់ ឬជួលរយៈពេលយូរទៅឲ្យបុគ្គលឯកជន ឬនីតិបុគ្គលក្រោមស្លាក «អភិវឌ្ឍន៍»ដោយមិនឆ្លងកាត់ការដាក់ដេញថ្លៃជាសាធារណៈឲ្យមាន «តម្លាភាព» ជាក់ជាមិនខានឡើយ ៕