ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

​ដឹង​ត្រឹម​ដីកា​ឲ្យ​ចាប់ តែ​មិនដឹង​ដីកា​បញ្ឈប់​ឲ្យ​ចាប់ ? បុរស​ផ្កាយ​១​ប៉ូលិស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ឃុំខ្លួន​ក្រោយ​មាន​ដីកា​បញ្ឈប់​ឲ្យ​ចាប់ខ្លួន​

​កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា ហៅ ទ្រី អាយុ​៤០​ឆ្នាំ អតីត​ជា​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​យកទៅដាក់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៧០៥​ដកប​ចខ​/២១ ចុះ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១​របស់​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល ប៉ុន្តែ​ក៏ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ភ្លាមៗ​ដែរ (Sic!) ។​

​ក្រោម​ការចោទប្រកាន់​ពីបទ​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ប្រព្រឹត្ត​នៅ​សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល នា​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០​នោះ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល​បាន​វិនិច្ឆ័យ​សេចក្តីសម្រេច​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ឈ្មោះ ស្រេង សុខា ហៅ ទ្រី មុខរបរ​ជា​ប៉ូលិស ដាក់ពន្ធនាគារ​កំណត់​រយៈពេល​១​ឆ្នាំ​០៦​ខែ និង​បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៧០៥​ដកប​ចខ​/២១ ចុះ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១​ទៀតផង ។

​លុះ​សំណុំ​រឿងក្តី​មកដល់​សាលាឧទ្ធរណ៍​ភ្នំពេញ ក៏​ត្រូវបាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ភ្នំពេញ​វិនិច្ឆ័យ​សេចក្តីសម្រេច​ឲ្យ​ជនជាប់ចោទ​ឈ្មោះ ស្រេង សុខា រួចផុត​ពីបទ​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត និង​បានសម្រេច​បញ្ឈប់​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៧០៥​ដកប​ចខ​/២១ ចុះ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១​របស់​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​៥៧«​ក្រ​VI»​គ​.​ធ ចុះ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២២ ។

​លើសពីនេះ សភា​ព្រហ្មទណ្ឌ​នៃ​សាលាឧទ្ធរណ៍​ភ្នំពេញ​ក៏បាន​ចេញ​ដីកា​បញ្ឈប់​ឲ្យ​ចាប់ខ្លួន​លេខ​២៩​ដក​.​ឧ​/២២ ចុះ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២២ បង្គាប់​មក​ភ្នាក់ងារ​មាន​សមត្ថកិច្ច​បញ្ឈប់​ការចាប់ខ្លួន​ឈ្មោះ ស្រេង សុខា ផងដែរ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​៦៣៤៥៦ ត្រូវបាន​ក្រសួងមហាផ្ទៃ​សម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​ពី​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដោយ​ប្រកា​សលេខ​២២១១​ប្រក ចុះ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ ។

​ប្រការ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​នោះ គឺ​នៅត្រង់ថា តើ​ដីកា​បញ្ឈប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ មិនបាន​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ ឬក៏​ភ្នាក់ងារ​មាន​សមត្ថកិច្ច​មិន​អើពើ​នឹង​ដីកា​បញ្ឈប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ ត្រឹមតែ​ដឹង​អំពី​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ជំនុំ​ជំ​ម្រះ​សាលាដំបូង​ខេត្តកណ្តាល ទើប​សមត្ថកិច្ច​ធ្វើការ​ចាប់ឃុំខ្លួន​លោក​ផ្កាយ​១​ប៉ូលិស ស្រេង សុខា ដូច្នេះ ? នេះ​គឺជា​បទពិសោធន៍​មួយ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ដីកា​សម្រេច​របស់​ស្ថាប័ន​តុលាការ​កម្ពុជា​ពាក់ព័ន្ធ​នឹង​សំណុំ​រឿងក្តី​ព្រហ្មទណ្ឌ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.