កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ សមត្ថកិច្ចបានចាប់ខ្លួនលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ហៅ ទ្រី អាយុ៤០ឆ្នាំ អតីតជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលយកទៅដាក់ឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៧០៥ដកបចខ/២១ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១របស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល ប៉ុន្តែក៏ត្រូវបានដោះលែងឲ្យមានសេរីភាពវិញភ្លាមៗដែរ (Sic!) ។

ក្រោមការចោទប្រកាន់ពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នោះ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាលបានវិនិច្ឆ័យសេចក្តីសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី មុខរបរជាប៉ូលិស ដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ០៦ខែ និងបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៧០៥ដកបចខ/២១ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ទៀតផង ។

លុះសំណុំរឿងក្តីមកដល់សាលាឧទ្ធរណ៍ភ្នំពេញ ក៏ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញវិនិច្ឆ័យសេចក្តីសម្រេចឲ្យជនជាប់ចោទឈ្មោះ ស្រេង សុខា រួចផុតពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងបានសម្រេចបញ្ឈប់ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៧០៥ដកបចខ/២១ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១របស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ៥៧«ក្រVI»គ.ធ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ។


លើសពីនេះ សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ភ្នំពេញក៏បានចេញដីកាបញ្ឈប់ឲ្យចាប់ខ្លួនលេខ២៩ដក.ឧ/២២ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បង្គាប់មកភ្នាក់ងារមានសមត្ថកិច្ចបញ្ឈប់ការចាប់ខ្លួនឈ្មោះ ស្រេង សុខា ផងដែរ ។

លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ អត្តលេខ៦៣៤៥៦ ត្រូវបានក្រសួងមហាផ្ទៃសម្រេចផ្អាកការងារបណ្តោះអាសន្នពីស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយប្រកាសលេខ២២១១ប្រក ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ។

ប្រការដែលធ្វើឲ្យមជ្ឈដ្ឋាននានាមានការចាប់អារម្មណ៍នោះ គឺនៅត្រង់ថា តើដីកាបញ្ឈប់ឲ្យចាប់ខ្លួនរបស់សាលាឧទ្ធរណ៍ភ្នំពេញ មិនបានផ្សព្វផ្សាយឲ្យទូលំទូលាយ ឬក៏ភ្នាក់ងារមានសមត្ថកិច្ចមិនអើពើនឹងដីកាបញ្ឈប់ឲ្យចាប់ខ្លួនរបស់សាលាឧទ្ធរណ៍ភ្នំពេញ ត្រឹមតែដឹងអំពីដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជំម្រះសាលាដំបូងខេត្តកណ្តាល ទើបសមត្ថកិច្ចធ្វើការចាប់ឃុំខ្លួនលោកផ្កាយ១ប៉ូលិស ស្រេង សុខា ដូច្នេះ ? នេះគឺជាបទពិសោធន៍មួយពាក់ព័ន្ធនឹងការអនុវត្តដីកាសម្រេចរបស់ស្ថាប័នតុលាការកម្ពុជាពាក់ព័ន្ធនឹងសំណុំរឿងក្តីព្រហ្មទណ្ឌ ៕