ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ គឺជាថ្ងៃគម្រប់ខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំនៃជ័យជម្នះរបស់ព្រះរាជាណាចក្រកម្ពុជាលើព្រះរាជាណាចក្រថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ (The Hague) ក្នុងសំណុំរឿងក្តីប្រាសាទព្រះវិហារ ស្ថិតនៅខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ។

សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ បានចេញសេចក្តីសម្រេចចំនួន៣ចំណុចសំខាន់ៗ គឺ ៖ ១-ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីក្រោមអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ។ ២-ប្រទេសថៃមានកាតព្វកិច្ចដកកម្លាំងទ័ព ឬប៉ូលិស ឬអ្នកថែរក្សា ឬឆ្មាំដទៃទៀតដែលបានដាក់ពង្រាយក្នុងប្រាសាទ ឬនៅក្នុងតំបន់ក្បែរប្រាសាទ ដែលស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជា និង ៣-ប្រទេសថៃមានកាតព្វកិច្ចប្រគល់មកឲ្យប្រទេសកម្ពុជាវិញនៅវត្ថុទាំងឡាយតាមប្រភេទដែលបានបញ្ជាក់នៅក្នុងសេចក្តីស្នើសុំរបស់ប្រទេសកម្ពុជា ដែលត្រូវបានយកចេញពីប្រាសាទ ឬតំបន់ប្រាសាទដោយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសថៃចាប់តាំងពីកាលបរិច្ឆេទនៃការចូលកាន់កាប់ប្រាសាទនេះដោយប្រទេសថៃនៅឆ្នាំ១៩៥៤ ។

ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានដាក់បង្ហូតនៅប្រាសាទព្រះវិហារនាថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៦៣ ក្រោយការសម្រេចសេចក្តីរបស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ប្រគល់ប្រាសាទព្រះវិហារឲ្យស្ថិតក្រោមអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ។

ប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ (UNESCO) ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅប្រទេសកាណាដា ។

ក្រោយពេលប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកត្រឹមប្រមាណ១សប្តាហ៍ប៉ុណ្ណោះ គឺនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ កងកម្លាំងប្រដាប់អាវុធព្រះរាជាណាចក្រថៃបានចូលមកទន្ទ្រានឈ្លានពានលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងបរិវេណជុំវិញប្រាសាទព្រះវិហារដែលជាអំពើរំលោភបំពានលើសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ និងរំលោភបំពានលើអនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៧២ យ៉ាងធ្ងន់ធ្ងរបំផុត ៕
