កាលពីថ្ងៃចន្ទម្សិលមិញនេះ ឯកឧត្តមមេធាវី គី តិច សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) អត្តលេខ១៥៦ បម្រើការងារនៅក្រុមហ៊ុនមេធាវីកម្ពុជា ដែលគេស្គាល់ថា ជាមេធាវីរាជរដ្ឋាភិបាល ជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីតំណាងសិទ្ធិឲ្យគណបក្សប្រជាជនកម្ពុជា (CPP) បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ (ស្ថាប័នអយ្យការទទួលពាក្យបណ្តឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២) ដោយប្តឹងលោក សុន ឆ័យ បច្ចុប្បន្នជាអនុប្រធានគណបក្សភ្លើងទៀន (CLP) ក្នុងបទល្មើសព្រហ្មទណ្ឌ និងទាមទារសំណងជំងឺចិត្តគិតជាទឹកប្រាក់ចំនួន ៤ ០០០ ០០០ ០០០ (បួនពាន់លាន) រៀល ។



ពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាប្រឆាំងនឹងលោក សុន ឆ័យ នាពេលនេះ គឺបន្ទាប់ពីលោក សុន ឆ័យ បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។ ពាក្យបណ្តឹងគណបក្សប្រជាជនកម្ពុជាដែលតាក់តែងឡើងតាមរយៈលោកមេធាវី គី តិច ជាមេធាវីតំណាងសិទ្ធិឲ្យគណបក្សជាដើមបណ្តឹងរដ្ឋប្បវេណីបានអះអាងថា «ការលើកឡើងក្នុងបទសម្ភាសន៍របស់លោក សុន ឆ័យ គឺជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត, ជាការផ្តល់ព័ត៌មានក្លែងក្លាយក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមួលបង្កាច់ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ។» ។

គួររំលឹកជូនដែរថា លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ (CNRP) ហើយធ្លាប់ត្រូវបានស្ថាប័នតុលាការកំពូលសម្រេចហាមឃាត់ ការធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ដំណាលគ្នាជាមួយនឹងការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ រយៈពេលប្រមាណជិត៣ឆ្នាំក្រោយមក លោក សុន ឆ័យ ក៏ត្រូវបានផ្តល់នីតិសម្បទាក្នុងការធ្វើសកម្មភាពនយោបាយឡើងវិញតាមសំណើរបស់សាមីខ្លួន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩២០/៩៣៥ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ។ បន្ទាប់ពីទទួលបាននីតិសម្បទាក្នុងការធ្វើសកម្មភាពនយោបាយឡើងវិញហើយនោះ លោក សុន ឆ័យ ក៏បានស្ម័គ្រចិត្តចូលរួមបម្រើជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន (Candlelight Party) នឹងក៏ក្លាយជាអនុប្រធានគណបក្សភ្លើងទៀន ទល់បច្ចុប្បន្ន ៕

