ព័ស្តុតាងបានបង្ហាញឲ្យឃើញថា រយៈពេលត្រឹមតែ១ឆ្នាំ ឬ២ឆ្នាំប៉ុណ្ណោះមាននាយនគរបាលជាន់ខ្ពស់ និងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃមួយចំនួន ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ជាហូរហែ ខណៈមុខតំណែង និងឋានន្តរស័ក្តិមានការពាក់ព័ន្ធគ្នាយ៉ាងខ្លាំង (មានអ្នកទទួលបានតួនាទី មុខតំណែងហើយក៏បានឡើងឋានន្តរស័ក្តិ និងមានអ្នកទទួលបានឋានន្តរស័ក្តិហើយក៏បានឡើងមុខតំណែង…) ។ គេហទំព័រសារព័ត៌មាន ដើមត្នោត សូមលើកយកនាយនគរបាលចំនួន៣នាក់មកបង្ហាញអំពីការឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រឹមរយៈពេល១ឆ្នាំ ឬ២ឆ្នាំ ដូចតទៅ ៖
I-លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ត្រូវជាកូនប្រុសពៅរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖


លោក ស រដ្ឋា ដែលជាកូនប្រុសពៅរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានក្របខ័ណ្ឌជាមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ អត្តលេខ៥៤៨៥៧ ទទួលបានការតែងតាំងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាំងពីនៅមានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) ដោយអនុក្រឹត្យលេខ៨៦៤អនក្រ.តត ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ ។


បន្ទាប់ពីទទួលបានការតែងតាំងមុខតំណែងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃភ្លាមៗរួចមក លោកស័ក្តិ៥ប៉ូលិស ស រដ្ឋា ក៏ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨១៥/៨៦៥ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥ ។



រយៈពេលប្រមាណជិត១ឆ្នាំក្រោយមក លោកផ្កាយ១ប៉ូលិស ស រដ្ឋា ក៏ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៦/៤៥៧ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ។

ប្រមាណជិត១ឆ្នាំក្រោយមកទៀត លោកផ្កាយ២ប៉ូលិស ស រដ្ឋា ក៏ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៧/៣០៥ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ។

II-ឯកឧត្តមឧត្តមសេនីយ៍ឯក គង់ ទីលីន សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) អត្តលេខ៤៤៧ ៖

លោក គង់ ទីលីន ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ៤៤៧មួយរូប ទទួលបានការតែងតាំងជា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង (អតីតនៅមានងារជា ឯកឧត្តម នៅឡើយ) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយមិនយកប្រាក់បៀវត្សរ៍ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៤/៥៨៧ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ពោលគឺមានងារជា «ឯកឧត្តម» ។

រយៈពេលប្រមាណ១ឆ្នាំក្រោយមក ឯកឧត្តមមេធាវី គង់ ទីលីន ក៏ត្រូវបានបំពាក់ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី (ផ្កាយ១) ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ អត្តលេខ៥៤៦៩៤ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៥/៧៧៣ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ ។



ប្រមាណជិត២ឆ្នាំក្រោយមកទៀត ឯកឧត្តមឧត្តមសេនីយ៍ត្រីប៉ូលិសមេធាវី គង់ ទីលីន ក៏ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៧/២៣៧ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ប្រការដែលធ្វើឲ្យមជ្ឈដ្ឋានអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជាមានការចាប់អារម្មណ៍ខ្លាំងនោះ គឺក្នុងក្របខ័ណ្ឌជានាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ក្រសួងមហាផ្ទៃផង និងជាមេធាវីកំពុងប្រកបវិជ្ជាជីវៈបម្រើការងារនៅក្រុមហ៊ុនមេធាវីកម្ពុជាផង ឯកឧត្តមឧត្តមសេនីយ៍ទោមេធាវី គង់ ទីលីន ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់សិទ្ធិតំណាងដោយអាណត្តិនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ឲ្យធ្វើជាមេធាវីតំណាងដោយអាណត្តិរបស់ក្រសួងមហាផ្ទៃ ដើម្បីធ្វើពាក្យប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ទៅតុលាការកំពូល (Sic!) ។


លុះជិត១ឆ្នាំក្រោយមកទៀត ឯកឧត្តមឧត្តមសេនីយ៍ទោមេធាវី គង់ ទីលីន ក៏ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៨/៧៤៩ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ។

ក្រោយពេលទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ប្រមាណ១ឆ្នាំ ឯកឧត្តមឧត្តមសេនីយ៍ឯក គង់ ទីលីន ក៏ទទួលបានការតែងតាំងមុខតំណែងជាអគ្គាធិការរងនៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ១២៣៨អនក្រ.តត ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ។

បច្ចុប្បន្ន ឯកឧត្តមឧត្តមសេនីយ៍ឯកប៉ូលិស គង់ ទីលីន គឺជាមេធាវីសុំមិនប្រកបវិជ្ជាជីវៈម្នាក់ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្មាំ២០២៣ ។

III-លោកឧត្តមសេនីយ៍ទោ អាត់ បូនី អតីតនាយកកាសែតនគរបាលជាតិ ៖
លោក អាត់ បូនី អតីតជាបុគ្គលិកវិទ្យុអាស៊ីសេរី អតីតជានាយកសារព័ត៌មាននគរបាលជាតិ ដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ អត្តលេខ៦៧៦០៥ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) ដោយអនុក្រឹត្យលេខ១១២៣អនក្រ.តត ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

រយៈពេលមិនដល់២ឆ្នាំក្រោយមក លោកស័ក្តិ៥ប៉ូលិស អាត់ បូនី ក៏ទទួលបានការដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៨/២៧៩ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ។

ប្រមាណ២ឆ្នាំក្រោយមកទៀត លោកផ្កាយ១ប៉ូលិស អាត់ បូនី ក៏ទទួលបានការដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ (ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣២០/៣៤៩ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ។


ឈានចូលមកដល់ពាក់កណ្តាលឆ្នាំ២០២២នេះ លោកផ្កាយ២ប៉ូលិស អាត់ បូនី ដែលបំពេញតួនាទីជាជំនួយការសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះ ក៏ទទួលបានការតែងតាំងមុខតំណែងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានព័ស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ៣៨៩អនក្រ.តត ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ដែលមជ្ឈដ្ឋាននានាជឿជាក់ថា លោកផ្កាយ២ អាត់ បូនី នឹងទទួលបានការដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក (ផ្កាយ៣) នៅពេលខាងមុខឆាប់ៗ ៕
