អតីតនាយកសារព័ត៌មាននគរបាលជាតិ និងជាជំនួយការសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលពាក់ផ្កាយប៉ូលិសម្នាក់ គឺ លោកឧត្តមសេនីយ៍ទោ អាត់ បូនី នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ អត្តលេខ៦៧៦០៥ ទទួលបានការតែងតាំងមុខតំណែងថ្មីជា អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ៣៨៩អនក្រ.តត ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

លោក អាត់ បូនី អតីតជាបុគ្គលិកវិទ្យុអាស៊ីសេរី និងក្រោយមកក៏ទទួលបានក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ អត្តលេខ៦៧៦០៥ ហើយក៏ធ្លាប់បំពេញការងារជាចាងហ្វាងសារព័ត៌មាន The Phnom Penh Times, អគ្គលេខាធិការសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា, នាយកសារព័ត៌មាននគរបាលជាតិ ព្រមទាំងជាជំនួយការសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ… ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) ដោយអនុក្រឹត្យលេខ១១២៣អនក្រ.តត ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

រយៈពេលមិនដល់២ឆ្នាំក្រោយមក លោកស័ក្តិ៥ប៉ូលិស អាត់ បូនី ក៏ទទួលបានការដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៨/២៧៩ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ។


ប្រមាណ២ឆ្នាំក្រោយមកទៀត លោកផ្កាយ១ប៉ូលិស អាត់ បូនី ក៏ទទួលបានការដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ (ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣២០/៣៤៩ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ។

បន្ទាប់ពីបានពាក់ផ្កាយ២ប៉ូលិសលើស្មា និងទទួលតំណែងជាជំនួយការសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួចហើយ លោក ឧត្តមសេនីយ៍ទោ អាត់ បូនី ក៏ត្រូវបានសម្តេចក្រឡាហោម ស ខេង ប្រគល់ភារកិច្ច និងតួនាទី ជាអនុប្រធានក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពរ (Comment) ក្នុង Facebook Page របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសេចក្តីសម្រេចលេខ២៧២៤សសរ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។


អនុលោមតាមមុខតំណែងថ្មីដែលទទួលបានការតែងតាំងនេះ (អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ) គឺលោកឧត្តមសេនីយ៍ទោ អាត់ បូនី អាចនឹងត្រូវដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក (ផ្កាយ៣ នៅពេលខាងមុខឆាប់ៗទៀត ៕