នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមព្រហ្មទណ្ឌសម្រេចផ្តន្ទាទោសជនជាប់ចោទដែលជាឧកញ៉ា សង ថន និងលោក ស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដាក់ពន្ធនាគារកំណត់៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២៥ ០០០ដុល្លារអាមេរិក ក្នុងម្នាក់ៗ ពីបទប្រើប្រាស់ឯកសារសាធារណៈក្លែង,បទផ្តើមគំនិតក្នុងបទបំផ្លិចបំផ្លាញដោយចេតនា, បទគៃបំបាត់ដោយទុច្ចរិត និងបទអំពើសូកប៉ាន់ ពាក់ព័ន្ធនឹងរឿងវិវាទដីធ្លីស្ថិតនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ លើសពីនេះ តុលាការក៏បានបង្គាប់ឲ្យធ្វើការរឹបអូសដីធ្លីជាច្រើនកន្លែងរបស់ឧកញ៉ា សង ថន ស្ថិតនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ផងដែរ ។

ឧកញ៉ា សង ថន អាយុ៧០ឆ្នាំ ដែលមានទ្រព្យសម្បត្តិដីធ្លីប្រមាណជាង៥ពាន់ហិកតា ស្មើនឹង១ភាគ៤នៃទំហំផ្ទៃដីទាំងមូលនៃស្រុកគាស់ក្រឡ ខេត្តបាត់ដំបងនោះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ឃាត់ខ្លួន និងត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នកាលពីអំឡុងខែមិថុនា ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីទទួលរងនូវពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារពាក់ព័ន្ធនឹងវិវាទដីធ្លីស្ថិតនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដ៏កក្រើក ។

លោក សង ថន ទទួលបានការតែងតាំងគោរមងារជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៥/១០៩ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៥ ៕