ថ្ងៃ ចន្ទ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០២២

​ឧកញ៉ា​រង​ការផ្តន្ទាទោស ! តុលាការ​សម្រេច​ផ្តន្ទាទោស​ឧកញ៉ា សង ថន ដាក់ពន្ធនាគារ​កំណត់​៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២៥ ០០០​ដុល្លារ ព្រមទាំង​រឹបអូស​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​នឹង​រឿង​វិវាទ​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​

​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២​នេះ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​សាលក្រម​ព្រហ្មទណ្ឌ​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ដែលជា​ឧកញ៉ា សង ថន និង​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អតីត​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ដាក់ពន្ធនាគារ​កំណត់​៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២៥ ០០០​ដុល្លារ​អាមេរិក ក្នុង​ម្នាក់ៗ ពីបទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​,​បទ​ផ្តើមគំនិត​ក្នុង​បទ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា​, បទ​គៃបំបាត់​ដោយ​ទុច្ចរិត និង​បទ​អំពើ​សូកប៉ាន់ ពាក់ព័ន្ធ​នឹង​រឿង​វិវាទ​ដីធ្លី​ស្ថិតនៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ។ លើសពីនេះ តុលាការ​ក៏បាន​បង្គាប់​ឲ្យ​ធ្វើការ​រឹបអូស​ដីធ្លី​ជាច្រើន​កន្លែង​របស់​ឧកញ៉ា សង ថន ស្ថិតនៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ផងដែរ ។

​ឧកញ៉ា សង ថន អាយុ​៧០​ឆ្នាំ ដែលមាន​ទ្រព្យសម្បត្តិ​ដីធ្លី​ប្រមាណ​ជាង​៥​ពាន់​ហិកតា ស្មើនឹង​១​ភាគ​៤​នៃ​ទំហំ​ផ្ទៃដី​ទាំង​មូលនៃ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​នោះ​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ចាប់​ឃាត់ខ្លួន និង​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០២០​កន្លងទៅ បន្ទាប់ពី​ទទួលរង​នូវ​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ស្ថិតនៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ដ៏​កក្រើក ។

​លោក សង ថន ទទួលបាន​ការតែងតាំង​គោរមងារ​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២០៥/១០៩ ចុះ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០០៥ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.