ឧត្តមទីប្រឹក្សាផ្ទាល់ម្នាក់របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានងារជា «ឧកញ៉ា» គឺឧកញ៉ា ម៉ម វណ្ណឌី ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦២២/៦១៨ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឧកញ៉ា ម៉ម វណ្ណឌី ទទួលបានការតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជសង្ឃប្រកាស ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ។

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ឧកញ៉ា ម៉ម វណ្ណឌី ធ្លាប់បានចូលរួមបរិច្ចាគថវិកាចំនួន១០០លានរៀល ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជាដែលមានឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអគ្គលេខាធិការសមាគម ។

លោក ម៉ម វណ្ណឌី ទទួលបានការផ្តល់គោរមងារជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/១២២០/១៣៦០ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ៕
