ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាសម្រេចបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ (COVID-19) ក្នុងសហគមន៍ ២០ កុម្ភៈ ២០២១ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងមកក្តី គឺមេរោគជំងឺកូវីដ-១៩ ក៏ត្រូវបានរកឃើញមានឆ្លងក្នុងសហគមន៍នៅឡើយ (ករណីឆ្លងថ្មីជាប្រភេទមេរោគបំប្លែងខ្លួនថ្មី Omicron) ប៉ុន្តែក្នុងចំនួនតិចតួច ខណៈកម្ពុជាបានសម្រុកចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ យ៉ាងសកម្មជូនដល់ប្រជាពលរដ្ឋ ។

ប្រការគួរឲ្យចាប់អារម្មណ៍ និងរីករាយនោះ គឺចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ កម្ពុជាមិនត្រូវបានរកឃើញមានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ នោះឡើយអស់រយៈពេលចំនួន៣១ថ្ងៃជាប់ៗគ្នា ហើយអ្នកជំងឺដែលសម្រាកព្យាបាលក៏បានជាសះស្បើយអស់គ្មានសល់ម្នាក់ទៀតដែរ ។


យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជាមានករណីឆ្លងជំងឺកូវី-១៩ សរុបចំនួន ១៣៦ ២៦២នាក់ (ឆ្លងនាំចូលពីបរទេសចំនួន ២១ ២១៩នាក់) ជាសះស្បើយចំនួន ១៣៣ ២០៦នាក់ និងមានករណីស្លាប់បាត់បង់ជីវិតចំនួន ៣ ០៥៦នាក់ ៕
