ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

​ធ្វើយ៉ាងណា​ទើប​នាំ​ឲ្យ​សន្លឹកឆ្នោត​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត «​មានតម្លៃ​» ពិតប្រាកដ ?

​ចាប់តាំងពី​បង្កើត​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​ពីរ​រហូតដល់​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២​ខាងមុខនេះ ព្រះរាជាណាចក្រ​កម្ពុជា​បាន និង​កំពុង​រៀបចំ​ដំណើរការ​បោះឆ្នោត​សកល​ចំនួន​១១​លើក (៦​លើក​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​៥​លើក បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​) រួចហើយៗ​ក្នុងចំណោម​ការបោះឆ្នោត​សកល​ទាំង​១១​លើក​នេះ គឺ​មានតែ​ការបោះឆ្នោត​មួយ​លើក​គត់​ជាការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដំបូង (​នីតិកាល​ទី​១) នៅ​ឆ្នាំ​១៩៩៣ ដែល​មានការ​រៀបចំឡើង​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) និង​បន្ទាប់មក​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សរសេរ​កាត់​ថា (​គ​.​ជ​.​ប​-NEC) ។​

​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​១ ឆ្នាំ​១៩៩៣ រៀបចំ​ដោយ UNTAC គឺ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដែលជា​គណបក្សនយោបាយ​មានទ្រព្យ​សម្បត្តិ​មហាសាល និង​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ញឹក​ដូច​ស្និតចេក​ពីលើ​ដល់​ក្រោម កាន់កាប់​អំណាច​តាំងពី​ឆ្នាំ​១៩៧៩ បាន​ចាញ់ឆ្នោត​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ចាត់ទុកជា​ប្រវត្តិសាស្ត្រ​មួយ ខណៈ​ការបោះឆ្នោត​ជា​បន្ត​បន្ទាប់មក​ដែល​រៀបចំ​ដោយ គ​.​ជ​.​ប (NEC) គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បានឈ្នះ​ឆ្នោត​លើ​គណបក្សនយោបាយ​ផ្សេងៗ និង​បាន​កាន់កាប់​អំណាច​ដ៏​ពេញលេញ​លើសលប់​រហូតទល់​បច្ចុប្បន្ន ។

​ឆ្លងកាត់​ដំណើរការ​បោះឆ្នោត​ចំនួន​១០​លើក​រួចមកហើយ​នេះ គឺ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកវិភាគ និង​អ្នកតាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា​កត់សម្គាល់ និង​បញ្ចេញ​ទស្សនៈ​ថា ដើម្បី​ឲ្យ​សន្លឹកឆ្នោត​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត «​មានតម្លៃ​» ពិតប្រាកដ​នោះ លុះត្រាតែ​បាន​បំពេញ​នូវ​លក្ខខណ្ឌ​សំខាន់ៗ​មួយចំនួន ដូចខាងក្រោម ៖

១-​ប្រព័ន្ធ​ច្បាប់ ត្រូវតែ​ធានាថា​បម្រើ​ឲ្យ​ផលប្រយោជន៍​ប្រទេសជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិតប្រាកដ ។

២-​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​-NEC) ត្រូវតែ​ធានាថា​ប្រកាន់ខ្ជាប់​នូវ​បាវចនា ឬ​គោលការណ៍ ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ និង​តម្លាភាព ពិតប្រាកដ ។

៣-​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​បាន​បោះឆ្នោត​ជ្រើសរើស ឬ​ផ្តល់​ការទុកចិត្ត​ទៅលើ​បេក្ខជន ឬ​គណបក្សនយោបាយ​ណាមួយ​បាន​ត្រឹមត្រូវ ដែល​គណបក្សនយោបាយ ឬ​បេក្ខជន​ឈ្នះឆ្នោត​នោះ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ឆន្ទៈ​បម្រើ​ផលប្រយោជន៍​ប្រទេសជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ ពិតប្រាកដ​ឥត​ងាករេ ទាំង​មុន ទាំង​នៅក្រោយពេល​បោះឆ្នោត ។

​ផ្ទុយទៅវិញ ប្រសិនបើ​លក្ខខណ្ឌ​សំខាន់ៗ​ទាំងបី​យ៉ាងតិច​ដូច​បានលើកឡើង​ខាងលើ​មិនត្រូវ​បាន​បំពេញ​ទេនោះ គឺ​ការបោះឆ្នោត​ដែល​ចំណាយលុយ​អស់​រាប់សិប​លាន​ដុល្លារ​អាមេរិក ជាមួយនឹង​សន្លឹកឆ្នោត​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត នឹង​ក្លាយជា «​គ្មាន​ន័យ​ខ្លឹមសារ​» ឬ «​គ្មាន​តម្លៃ​» ពោល​បានត្រឹមតែ​បម្រើ​ផលប្រយោជន៍​ឲ្យ​បុគ្គល ឬ​ក្រុម​បក្ខពួក​ដែល​ពោរពេញ​ដោយ​មហិច្ឆតា​អំណាច​បុណ្យស័ក្តិ ទ្រព្យសម្បត្តិ ប៉ុណ្ណោះ ៕​

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.