ចាប់តាំងពីបង្កើតព្រះរាជាណាចក្រកម្ពុជាទីពីររហូតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងរៀបចំដំណើរការបោះឆ្នោតសកលចំនួន១១លើក (៦លើកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និង៥លើក បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់) រួចហើយៗក្នុងចំណោមការបោះឆ្នោតសកលទាំង១១លើកនេះ គឺមានតែការបោះឆ្នោតមួយលើកគត់ជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដំបូង (នីតិកាលទី១) នៅឆ្នាំ១៩៩៣ ដែលមានការរៀបចំឡើងដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC) និងបន្ទាប់មកដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សរសេរកាត់ថា (គ.ជ.ប-NEC) ។

លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣ រៀបចំដោយ UNTAC គឺគណបក្សប្រជាជនកម្ពុជា (CPP) ដែលជាគណបក្សនយោបាយមានទ្រព្យសម្បត្តិមហាសាល និងមានរចនាសម្ព័ន្ធគ្រប់គ្រងញឹកដូចស្និតចេកពីលើដល់ក្រោម កាន់កាប់អំណាចតាំងពីឆ្នាំ១៩៧៩ បានចាញ់ឆ្នោតគណបក្សហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) ដ៏គួរឲ្យភ្ញាក់ផ្អើល និងចាត់ទុកជាប្រវត្តិសាស្ត្រមួយ ខណៈការបោះឆ្នោតជាបន្តបន្ទាប់មកដែលរៀបចំដោយ គ.ជ.ប (NEC) គឺគណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតលើគណបក្សនយោបាយផ្សេងៗ និងបានកាន់កាប់អំណាចដ៏ពេញលេញលើសលប់រហូតទល់បច្ចុប្បន្ន ។

ឆ្លងកាត់ដំណើរការបោះឆ្នោតចំនួន១០លើករួចមកហើយនេះ គឺធ្វើឲ្យមជ្ឈដ្ឋានអ្នកវិភាគ និងអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជាកត់សម្គាល់ និងបញ្ចេញទស្សនៈថា ដើម្បីឲ្យសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត «មានតម្លៃ» ពិតប្រាកដនោះ លុះត្រាតែបានបំពេញនូវលក្ខខណ្ឌសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖
១-ប្រព័ន្ធច្បាប់ ត្រូវតែធានាថាបម្រើឲ្យផលប្រយោជន៍ប្រទេសជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពិតប្រាកដ ។
២-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប-NEC) ត្រូវតែធានាថាប្រកាន់ខ្ជាប់នូវបាវចនា ឬគោលការណ៍ ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ និងតម្លាភាព ពិតប្រាកដ ។
៣-ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតបានបោះឆ្នោតជ្រើសរើស ឬផ្តល់ការទុកចិត្តទៅលើបេក្ខជន ឬគណបក្សនយោបាយណាមួយបានត្រឹមត្រូវ ដែលគណបក្សនយោបាយ ឬបេក្ខជនឈ្នះឆ្នោតនោះមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងឆន្ទៈបម្រើផលប្រយោជន៍ប្រទេសជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ពិតប្រាកដឥតងាករេ ទាំងមុន ទាំងនៅក្រោយពេលបោះឆ្នោត ។

ផ្ទុយទៅវិញ ប្រសិនបើលក្ខខណ្ឌសំខាន់ៗទាំងបីយ៉ាងតិចដូចបានលើកឡើងខាងលើមិនត្រូវបានបំពេញទេនោះ គឺការបោះឆ្នោតដែលចំណាយលុយអស់រាប់សិបលានដុល្លារអាមេរិក ជាមួយនឹងសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត នឹងក្លាយជា «គ្មានន័យខ្លឹមសារ» ឬ «គ្មានតម្លៃ» ពោលបានត្រឹមតែបម្រើផលប្រយោជន៍ឲ្យបុគ្គល ឬក្រុមបក្ខពួកដែលពោរពេញដោយមហិច្ឆតាអំណាចបុណ្យស័ក្តិ ទ្រព្យសម្បត្តិ ប៉ុណ្ណោះ ៕
