កាលពីថ្ងៃពុធម្សិលមិញនេះ ក្រុមហ៊ុនមេធាវីកម្ពុជា តំណាងដោយលោកមេធាវី គី តិច ជាមេធាវីតំណាងដោយអាណត្តិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ពាក្យសុំជាផ្លូវការទៅឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំឲ្យតុលាការចេញដីកាសម្រេចកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន (ថ្ងៃ ខែ ឆ្នាំកំណើត) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃ ខែ ឆ្នាំពិតប្រាកដ ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ ។
ចាប់តាំងពីចូលបម្រើការងាររដ្ឋអស់រយៈពេលជាង៤០ឆ្នាំមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ឈ្មោះដើម ហ៊ុន បូណាល់ និងមានគោរមងារបច្ចុប្បន្នដែលផ្លាស់ប្តូរហូរហែពីសមមិត្ត លោក ឯកឧត្តម និងសម្តេច) បានប្រើប្រាស់ថ្ងៃ ខែ ឆ្នាំកំណើតផ្លូវការ គឺថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ខណៈបងប្រុសបង្កើតម្នាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង (ឈ្មោះដើម ហ៊ុន ឡុងសេង ដែលទទួលមរណភាពកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២) បានប្រើប្រាស់ថ្ងៃ ខែ ឆ្នាំកំណើតផ្លូវការ គឺថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៥០ ។
ជាមួយនឹងការប្រើប្រាស់ថ្ងៃ ខែ ឆ្នាំកំណើតផ្លូវការ ថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ដែលគួរដាក់រហស្សនាមថ្មីជា សម្តេចកំពូលនាយករដ្ឋមន្ត្រី) ក៏បានប្រកាសឲ្យដឹងផងដែរអំពីថ្ងៃ ខែ ឆ្នាំកំណើត ដែលអះអាងពិតប្រាកដមួយទៀត ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ (Sic!) ជាហេតុធ្វើឲ្យមជ្ឍដ្ឋានមន្ត្រីក្រោមឱវាទរបស់សម្តេចកំពូលនាយករដ្ឋមន្ត្រីជូនពរថ្ងៃខួបកំណើតរហូតដល់ទៅ២ដងក្នុង១ឆ្នាំ គឺថ្ងៃទី០៤ ខែមេសា រៀងរាល់ឆ្នាំម្តង និងថ្ងៃទី០៥ ខែសីហា រៀងរាល់ឆ្នាំម្តងទៀត ព្រមទាំងលើសពីនេះក៏បានបង្ហាញឲ្យឃើញដែរថា រវាងសម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងសម្តេចកំពូលនាយករដ្ឋមន្ត្រីមានកម្រិតអាយុបង-ប្អូនគ្នាត្រឹមមិនដល់០៥ខែពេញលេញផង (Resic!) ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឧត្តមមន្ត្រីថ្នាក់លេខ១ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ក្នុងក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៃទីស្តីការគណៈរដ្ឋមន្ត្រី (រក្សាមុខតំណែងនយោបាយនៅដដែល) ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១១ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨១១/៧៩៥ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១១ ខណៈសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ឧត្តមមន្ត្រីថ្នាក់លេខ១ ដែលត្រូវជាបងប្រុសបង្កើតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បែរជាត្រូវបានដាក់ឲ្យចូលនិវត្តន៍ក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៣ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៣/៣៤១ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ទៅវិញ (តាមពិតត្រូវដល់អាយុចូលនិវត្តន៍នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១០ ប៉ុន្តែត្រូវបានពន្យារពេលចូលនិវត្តន៍ក្នុងក្របខ័ណ្ឌមុខងារសាធារណៈ) ។
អំឡុងឆ្នាំ២០១៣ និងឆ្នាំ២០១៥កន្លងទៅ គេហទំព័រសារព័ត៌មាន ដើមត្នោត ធ្លាប់បានផ្សព្វផ្សាយរួចហើយអំពីការប្រើប្រាស់ថ្ងៃ ខែ ឆ្នាំកំណើតផ្លូវការ (ថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលនាំឲ្យមជ្ឍដ្ឋាននានាមើលឃើញថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានអាយុប្អូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រឹមប្រមាណ០៥ខែ និងទទួលបានការជូនពរខួបកំណើតពីមន្ត្រីក្រោមឱវាទរហូតដល់ទៅ២ដង ក្នុងមួយឆ្នាំ ប៉ុន្តែមិនត្រូវបានសម្តេចកំពូលនាយករដ្ឋមន្ត្រី «អើពើ»ឡើយ គឺទើបតែមកដល់ពាក់កណ្តាលឆ្នាំ២០២២នេះ សម្តេចកំពូលនាយករដ្ឋមន្ត្រីសម្រេចចិត្តតាមរយៈមេធាវីតំណាងដោយអាណត្តិស្នើសុំទៅតុលាការឲ្យកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន (ថ្ងៃ ខែ ឆ្នាំកំណើត) តែម្តង បន្ទាប់ពីបានប្រើប្រាស់ថ្ងៃ ខែ ឆ្នាំកំណើតផ្លូវការមិនពិតប្រាកដអស់រយៈពេលជាង៤០ឆ្នាំ ៕