ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

ឥទ្ធិពល​វ៉ាក់សាំង​ចិន ! សហគ្រាស​ឱសថ​កម្ពុជា (CPE) របស់​យាយ​ភូ ទទួលបាន​សិទ្ធិ​បង្កើត​រោងចក្រ​ច្រក និង​វេច​ខ្ចប់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 របស់​ចិន​នៅ​កម្ពុជា​

នា​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២២​នេះ នៅ​ទីស្តីការ​ក្រសួងសុខាភិបាល​បាន​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ស្តីពី​កិច្ចសហប្រតិបត្តិការ​បង្កើត​រោងចក្រ​ច្រក និង​វេច​ខ្ចប់​វ៉ាក់សាំង​បង្ការ​វីរុស​កូ​វីដ​-១៩ នៅ​កម្ពុជា រវាង​សហគ្រាស​ឱសថ​កម្ពុជា (CPE) តំណាង​ដោយ​ឧកញ៉ា ជឹ​ង សុភាព (​ហៅ​យាយ​ភូ​) ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយិកា ជាមួយ​ក្រុមហ៊ុន Sinovac Life Sciences Co.,Ltd. របស់​ចិន តំណាង​ដោយ​លោក Gao Qiang ជា​អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន ក្រោម​អធិបតីភាព​ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ។​

​ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​គម្រោង​បង្កើត​រោងចក្រ​ច្រក និង​វេច​ខ្ចប់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 នៅ​កម្ពុជា រវាង​សហគ្រាស​ឱសថ​កម្ពុជា និង​ក្រុមហ៊ុន Sinovac Life Sciences Co.,Ltd.​នេះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បញ្ជា​ទិញ​ពី​សហគ្រាស​ឱសថ​កម្ពុជា​ក្នុង​រយៈពេល​៣​ឆ្នាំ (២០២៤-២០២៦) សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ក្នុងប្រទេស ។

​យោងតាម​សារ​ជា​សំឡេង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បញ្ជា​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ (COVID-19) ពី​ប្រទេស​ចិន ប្រមាណជាង​១០៤​លាន​ដូ​ស ដែល​នឹងត្រូវ​វេច​ខ្ចប់​នៅក្នុង​ប្រទេស សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​រយៈពេល​៣​ឆ្នាំ​ខាងមុខ (២០២៤-២០២៦) ។

​គួរបញ្ជាក់​ជូន​ថា លោកស្រី ជឹ​ង សុភាព ដែល​គេ​ស្គាល់​ថា ជា​អនុប្រធាន​កាកបាទក្រហមកម្ពុជា ជា​អ្នកជំនួញ​ដ៏​សកម្ម​ម្នាក់​នៅ​កម្ពុជា និង​ត្រូវជា​ភរិយា​របស់​ឯកឧត្តម​ឧកញ៉ា ឡាវ ម៉េង​ឃី​ន សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ភាគហ៊ុន​រួមគ្នា​ជាច្រើន​ជាមួយ​លោកស្រី ហ៊ុន ម៉ា​ណា ជា​កូនស្រី​បង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ទទួលបាន​ការតែងតាំង​គោរមងារ​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១០៦/៤៤៣ ចុះ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០០៦ ៕​

Filed in: Feature, ព័ត៌មានជាតិ, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.