យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខានៅលើអនុក្រឹត្យលេខ១០៦អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ សម្រេចកែសម្រួលផ្ទៃដីទំហំ ៥៨ហិកតា ១៦អា និង៦៨សង់ទីអា ពាក់ព័ន្ធនឹងក្បាលដីចំនួន២២បណ្ណ ស្ថិតនៅភូមិកាបៅ និងភូមិកំពង់ក្រសាំង ភូមិភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចេញពីតំបន់៣នៃបឹងទន្លេសាបដែលកំណត់ដោយអនុក្រឹត្យលេខ១៩៧អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ បញ្ចូលមកតំបន់២ និងប្រគល់ជូនប្រជាពលរដ្ឋចំនួន២២គ្រួសារ ប្រើប្រាស់ និងអាស្រ័យផលបន្ត ។
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចកែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ហិកតា ៧៧អា ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចេញពីតំបន់៣នៃបឹងទន្លេសាប បញ្ចូលមកជាតំបន់២វិញ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋចំនួន ១ ៦៥៨គ្រួសារ បានប្រើប្រាស់ និងអាស្រ័យផលផងដែរ តាមស្មារតីអនុក្រឹត្យលេខ១០១អនក្រ.បក ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ។
អំឡុងឆ្នាំ២០១១កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានចេញអនុក្រឹត្យលេខ១៩៧អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ សម្រេចកំណត់ដែនព្រៃលិចទឹកចំនួន ៦៤៧ ៤០៦ហិកតា ស្ថិតនៅក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាប (ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ) ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនោះក៏បានសង្កត់ធ្ងន់ដែរថា «ការបាត់បង់ដែនព្រៃលិចទឹក និងព្រៃលិចទឹកដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃខេត្តណា គណៈអភិបាលនៃខេត្តនោះត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខរាជរដ្ឋាភិបាល ។» ៕