ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

ដី​ប្តូរ​តំបន់ ! រាជរដ្ឋាភិបាល​សម្រេច​កែសម្រួល​ផ្ទៃដី​ជាង​៥៨​ហិកតា​ចេញពី​តំបន់​៣ ​បញ្ចូល​មកជា​តំបន់​២នៃ​បឹង​ទន្លេសាប​វិញ និង​ប្រគល់ជូន​រាស្ត្រ​២២​គ្រួសារ​នៅ​ខេត្តបន្ទាយមានជ័យ ប្រើប្រាស់ និង​អាស្រ័យ​ផល​បន្ត​

យោងតាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា​នៅលើ​អនុក្រឹត្យ​លេខ​១០៦​អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២២ សម្រេច​កែសម្រួល​ផ្ទៃដី​ទំហំ ៥៨​ហិកតា ១៦​អា និង​៦៨​សង់​ទី​អា ពាក់ព័ន្ធ​នឹង​ក្បាលដី​ចំនួន​២២​បណ្ណ ស្ថិតនៅ​ភូមិ​កា​បៅ និង​ភូមិ​កំពង់​ក្រសាំង ភូមិ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចេញពី​តំបន់​៣​នៃ​បឹង​ទន្លេសាប​ដែល​កំណត់ដោយ​អនុក្រឹត្យ​លេខ​១៩៧​អនក្រ​.​បក ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១១ បញ្ចូលមក​តំបន់​២ និង​ប្រគល់ជូន​ប្រជាពលរដ្ឋ​ចំនួន​២២​គ្រួសារ ប្រើប្រាស់ និង​អាស្រ័យ​ផល​បន្ត ។

​កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​សម្រេច​កែសម្រួល​ផ្ទៃដី​ទំហំ ៣ ៤៤៨​ហិកតា ៧៧​អា ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ ចេញពី​តំបន់​៣​នៃ​បឹង​ទន្លេសាប បញ្ចូល​មកជា​តំបន់​២​វិញ ដើម្បី​ប្រគល់ជូន​ប្រជាពលរដ្ឋ​ចំនួន ១ ៦៥៨​គ្រួសារ បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ផងដែរ តាម​ស្មារតី​អនុក្រឹត្យ​លេខ​១០១​អនក្រ​.​បក ចុះ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២ ។

​អំឡុង​ឆ្នាំ​២០១១​កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បានចេញ​អនុក្រឹត្យ​លេខ​១៩៧​អនក្រ​.​បក ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១១ សម្រេច​កំណត់​ដែន​ព្រៃ​លិច​ទឹក​ចំនួន ៦៤៧ ៤០៦​ហិកតា ស្ថិតនៅក្នុង​ខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប (​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ​) ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​នោះ​ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា «​ការបាត់បង់​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​នៃ​ខេត្ត​ណា គណៈ​អភិបាល​នៃ​ខេត្ត​នោះ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​រាជរដ្ឋាភិបាល ។​» ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.