យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខានៅលើអនុក្រឹត្យលេខ១០១អនក្រ.បក ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្រេចកែសម្រួលផ្ទៃដីទំហំ៣ ៤៤៨ហិកតា ៧៧អា ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចេញពីតំបន់៣នៃបឹងទន្លេសាបដែលកំណត់ដោយអនុក្រឹត្យលេខ១៩៧អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ បញ្ចូលមកតំបន់២វិញ និងប្រគល់ជូនប្រជាពលរដ្ឋចំនួន១ ៦៥៨គ្រួសារ ប្រើប្រាស់ និងអាស្រ័យផល ។
ប្រជាពលរដ្ឋចំនួន១ ៦៥៨គ្រួសារដែលនឹងទទួលបានផ្ទៃដីជាង៣ពាន់ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដែលទើបកែសម្រួលចេញពីតំបន់៣ បញ្ចូលមកជាតំបន់២នៃបឹងទន្លេសាបវិញសម្រាប់ប្រើប្រាស់ និងអាស្រ័យផលនោះរួមមាន ៖
១-ប្រជាពលរដ្ឋចំនួន៧០៦គ្រួសារ នៅឃុំកំពង់ពោធិ៍ ឃុំកំពង់លួង ឃុំអន្សាចំបក់ ឃុំអូរសណ្តាន់ ស្រុកក្រគរ ដីទំហំ ១ ១២២ហិកតា ៤៥អា ។
២-ប្រជាពលរដ្ឋចំនួន៥៨៥គ្រួសារ នៅឃុំកញ្ជរ ឃុំរាំងទិល ឃុំស្យា ឃុំស្រែស្តុក ស្រុកកណ្តៀង ដីទំហំ ១ ១៦៩ហិកតា ៧២អា ។
៣-ប្រជាពលរដ្ឋចំនួន៣៦៧គ្រួសារ នៅឃុំបឹងបត់កណ្តោល ឃុំមេទឹក និងឃុំអូរតាប៉ោង ស្រុកបាកាន ដីទំហំ ១ ១៥៦ហិកតា ៦០អា ។
តាមរបាយការណ៍របស់អាជ្ញាធរទន្លេសាបនាពេលកន្លងមកបានបង្ហាញឲ្យដឹងថា នៅក្នុងភូមិសាស្ត្រតំបន់៣ដែលទើបត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចកែសម្រួលបញ្ចូលមកជាតំបន់២នៃបឹងទន្លេសាបវិញនោះ គឺមានសកម្មភាពកាប់បំផ្លិចបំផ្លាញព្រៃលិចទឹក ទន្ទ្រានយកដីយ៉ាងសកម្មបំផុតរហូតដល់មានទំហំផ្ទៃដីប្រមាណ ៤ ៤៣៤ហិកតា ។
កាលពីអំឡុងឆ្នាំ២០១១កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានចេញអនុក្រឹត្យលេខ១៩៧អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ សម្រេចកំណត់ដែនព្រៃលិចទឹកចំនួន ៦៤៧ ៤០៦ហិកតា ស្ថិតនៅក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាប (ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ) ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនោះក៏បានសង្កត់ធ្ងន់ដែរថា «ការបាត់បង់ដែនព្រៃលិចទឹក និងព្រៃលិចទឹកដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃខេត្តណា គណៈអភិបាលនៃខេត្តនោះត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខរាជរដ្ឋាភិបាល ។» ៕