កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អគ្គិសនីកម្ពុជា (EDC) បានចេញលិខិតជូនដំណឹងមួយលេខ២៣០៥អក.រប ទៅក្រុមហ៊ុន Cambodian Singmeng Telemedia Co.,Ltd. ដោយបញ្ជាក់អំពីជំហររបស់អគ្គិសនីកម្ពុជាថា នឹងរំលាយកិច្ចព្រមព្រៀងចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ស្តីពីការជួលបង្គោលអគ្គិសនីសម្រាប់ព្យួរខ្សែកាប្លិ៍អុបទិកនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុន DTV Star Co.,Ltd. ។
អនុលោមតាមលិខិតជូនដំណឹងលេខ២៣០៥អក.រប ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២របស់អគ្គិសនីកម្ពុជាបានបង្ហាញឲ្យឃើញថា អគ្គិសនីកម្ពុជាធ្លាប់បានចុះកិច្ចព្រមព្រៀងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ស្តីពីការជួលបង្គោលអគ្គិសនីសម្រាប់ព្យួរខ្សែកាប្លិ៍អុបទិកនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាមួយក្រុមហ៊ុន DTV Star Co.,Ltd. និងក្រោយមកក្រុមហ៊ុន DTV Star Co.,Ltd. ក៏បានផ្ទេរសិទ្ធិអនុវត្តកាតព្វកិច្ចនៃកិច្ចព្រមព្រៀងនេះបន្តទៅឲ្យក្រុមហ៊ុន Cambodian Singmeng Telemedia Co.,Ltd. នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ។
ការណ៍ដែលជំរុញឲ្យអគ្គិសនីកម្ពុជាសម្រេចប្រកាសរំលាយកិច្ចព្រមព្រៀងជួលបង្គោលអគ្គិសនីសម្រាប់ជួលខ្សែកាប្លិ៍អុបទិកនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលជាមួយក្រុមហ៊ុន DTV Star Co.,Ltd. នោះ គឺដោយសារក្រុមហ៊ុន Cambodian Singmeng Telemedia Co.,Ltd. ជំពាក់បំណុលថ្លៃឈ្នួលបង្គោលអគ្គិសនីមិនបានទូទាត់អស់រយៈពេលជាច្រើនខែ និងអគ្គិសនីកម្ពុជាក៏មានការលំបាកក្នុងការទំនាក់ទំនងជាមួយក្រុមហ៊ុននេះទៀតផង ។
អគ្គិសនីកម្ពុជាបានតម្រូវឲ្យក្រុមហ៊ុន Cambodian Singmeng Telemedia Co.,Ltd. និងតតិយជនធ្វើការទូទាត់បំណុលថ្លៃឈ្នួលបង្គោលភ្លើងជូនអគ្គិសនីកម្ពុជា និងធ្វើការរុះរើខ្សែកាប្លិ៍អុបទិករបស់ខ្លួនឲ្យអស់ចេញពីបង្គោលភ្លើងរបស់អគ្គិសនីកម្ពុជាក្នុងអំឡុងរយៈពេល០២ (ពីរ) ខែ ចាប់ពីថ្ងៃជូនដំណឹងនេះ ហើយបើផុតរយៈពេលកំណត់ អគ្គិសនីកម្ពុជានឹងដាក់ពាក្យបណ្តឹងទៅតុលាការជាសមត្ថកិច្ច ។
មិនទាន់បានដឹងពិតប្រាកដថា ក្រុមហ៊ុន Cambodian Singmeng Telemedia Co.,Ltd. ជំពាក់បំណុលថ្លៃឈ្នួលបង្គោលភ្លើងរបស់អគ្គិសនីកម្ពុជាសម្រាប់ព្យួរខ្សែកាប្លិ៍អុបទិករបស់ខ្លួនចំនួនប៉ុន្មាននៅឡើយទេ ៕