ឯកឧត្តម ទៀ សីហា ដែលមានក្របខ័ណ្ឌដើមជានាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០១៩៨៦៤ និងកំពុងកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាបក្នុងក្របខ័ណ្ឌថ្មីជាឧត្តមមន្ត្រីនៃមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃនោះ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសនីយ៍ឯក (ផ្កាយ៣) ហើយ ដោយព្រះរាជក្រឹត្យលេខនស/រកត/០១២២/០២៤ ចុះថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ។
ឯកឧត្តម ទៀ សីហា ដែលគេស្គាល់ថា ជាកូនប្រុសបង្កើតរបស់សម្តេចពិជ័យសេនានាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានឈ្មោះដើមថា «ទៀ ទីហា» ។
លោក ទៀ ទីហា មានក្របខ័ណ្ឌដើមជានាយទាហាននៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០១៩៨៦៤ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១១/៣៧៣ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១១ និងប្រមាណ៣ឆ្នាំក្រោយមក លោកឧត្តមសេនីយ៍ត្រី ទៀ ទីហា ក៏ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៤/៤២៦ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ ។
លើសពីនេះ លោកឧត្តមសេនីយ៍ ទៀ ទីហា ក៏បានកាន់តំណែងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ណុជាខេត្តសៀមរាប (ស.ស.យ.ក.សរ) ផងដែរ ខណៈឪពុករបស់លោកតំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបផង និងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាផង (បច្ចុប្បន្នជាអនុប្រធានគណបក្សប្រជាជនកម្ពុជា) ។
បន្ទាប់ពីបានឡើងឋានន្តរស័ក្តុថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ប្រមាណ២ឆ្នាំ លោកឧត្តមសេនីយ៍ ទៀ ទីហា ក៏ទទួលបានការតែងតាំងជាជំនួយការរបស់ឪពុកខ្លួនដែលជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៦/២៨៦ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ពោលគឺមានឋានៈជា «ឯកឧត្តម» ។
ឈានចូលមកដល់ពាក់កណ្តាលឆ្នាំ២០១៧ នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០១៩៨៦៤ ដែលធ្លាប់មានឈ្មោះថា «ទៀ ទីហា» ក៏ត្រូវបានផ្ទេរក្របខ័ណ្ឌពីនាយទាហានថ្នាក់ឧត្តមសេនីយ៍ទោ មកឋានន្តរស័ក្តិឧត្តមមន្ត្រីថា្នក់លេខ៣នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ លេចចេញឈ្មោះថ្មីថា «ទៀ សីហា» ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៧/៥១៥ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ និងនៅថ្ងៃដំណាលគ្នានេះដែរ លោក ទៀ សីហា ដែលទើបប្រែពីឈ្មោះ «ទៀ ទីហា» ក៏ត្រូវបានតែងតាំងមុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដោយអនុក្រឹត្យលេខ៦៥៩អនក្រ.តត ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ។
រយៈពេលជាង១ឆ្នាំក្រោយមកបន្ទាប់ពីកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក ទៀ សីហា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ ក៏ទទួលបានការតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៨/១៣៥៦ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ។
សរុបសេចក្តីមក ទោះបីបានផ្ទេរពីក្របខ័ណ្ឌដើមជានាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ មកជាឧត្តមមន្ត្រីថ្នាក់លេខ៣នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដើម្បីបានកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាបរួចហើយក៏ដោយ ក៏ឯកឧត្តម ទៀ សីហា អាចមានលទ្ធភាពឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) នៅក្នុងក្របខ័ណ្ឌដើមយ៉ាងរលូន ។
មជ្ឈដ្ឋាននានានឹងបន្តរង់ចាំតាមដានមើលតទៅទៀតថា តើឯកឧត្តម ទៀ សីហា អាចមានលទ្ធភាពឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមមន្ត្រីក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃដែលជាក្របខ័ណ្ឌថ្មីបច្ចុប្បន្នដែរឬទេ ? ៕