កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខានៅលើអនុក្រឹត្យមួយលេខ០២អនក្រ.បក សម្រេចកាត់ឆ្វៀលដីទំហំ ៩៣ហិកតា ៦៣អា ចេញពីតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះសីហនុ «រាម» កំំណត់ដោយអនុក្រឹត្យលេខ៧០អនក្រ.បក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្តល់សិទ្ធិជាកម្មសិទ្ធិជូនអ្នកឧកញ៉ា ឃុន សៀ ។
មិនទាន់ដឹងអំពីមូលហេតុពិតប្រាកដដែលនាំឲ្យអ្នកឧកញ៉ា ឃុន សៀ ទទួលបានចំណែកដីទំហំជិត១០០ហិកតា ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជាកាត់ឆ្វៀលចេញពីតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះសីហនុ «រាម» ធ្វើជាកម្មសិទ្ធិយ៉ាងហ៊ីហានោះនៅឡើយទេ ។
គួរបញ្ជាក់ជូនដែរថា ផ្ទៃដីតំបន់គ្រប់គ្រងក្នុងឧទ្យានជាតិព្រះសីហនុ «រាម» ស្ថិតនៅក្នុងស្រុកព្រៃនប់ (អតីតខណ្ឌព្រៃនប់) ខេត្តព្រះសីហនុ (អតីតក្រុងព្រះសីហនុ) ទំហំ ៣ ៣០០ហិកតា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ប្រើប្រាស់ដោយចីរភាព និងបានធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីជួលឲ្យក្រុមហ៊ុន យិះចៀ ធូរីហ្សឹម ឌីវេឡុបមេន ខមភេនី រយៈពេល៩៩ឆ្នាំ សម្រាប់វិនិយោគអភិវឌ្ឍន៍វិស័យទេសចរណ៍ ដោយស្មារតីអនុក្រឹត្យលេខ៧០អនក្រ.បក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ ។
លោក ឃុន សៀ នាយកក្រុមហ៊ុន TP Moral Group (TPMG) ដែលគេស្គាល់ថាជាឈ្មួញរកស៊ីយ៉ាងសកម្មនៅកម្ពុជាម្នាក់ដែរនោះ ធ្លាប់ទទួលបានការតែងតាំងគោរមងារជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤០៦/១៦៣ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០០៦ និងក្រោយមកទៀតក៏ទទួលបានការតែងតាំងគោរមងារថ្មីជាអ្នកឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤០៨/៤៤៥ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៨ ៕