ចាប់តាំងពីបង្កើតរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទី២ ឆ្នាំ១៩៩៣មក គឺជាលើកដំបូងដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) មានឯកឧត្តម សម រង្ស៊ី អតីតទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បានរៀបចំកម្មវិធីប្រកួតប្រជែងជ្រើសរើសអធិការ និងអភិបាលហិរញ្ញវត្ថុជំនាន់ទី១ ដោយជ្រើសរើសបានបេក្ខជនប្រឡងជាប់ស្ថាពរចំនួន៥០នាក់ ក្នុងចំណោមបេក្ខជនចូលរួមប្រឡងចំនួនប្រមាណ៦០០នាក់ ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជំនាន់នោះធ្លាប់បានអះអាងឲ្យដឹងថា ការប្រឡងប្រជែងយោងទៅលើសមត្ថភាពពិតៗនៃបេក្ខជនម្នាក់ៗ ក្នុងន័យដើម្បីបំបាត់គំនិតបក្ខពួកនិយម និងដើម្បីផ្តល់យុត្តិធម៌ និងភ័ព្វសំណាងស្មើៗគ្នាជំពោះបេក្ខជនទូទៅទាំងអស់ដើម្បីចូលបម្រើការជាបុគ្គលិករាជការ ។
លើសពីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជំនាន់នោះក៏បានបញ្ជាក់ឲ្យដឹងទៀតថា បេក្ខជនដែលប្រឡងជាប់ទាំង៥០នាក់ នឹងត្រូវទទួលការអប់រំហ្វឹកហ្វឺននៅក្នុងការចេះដឹងក្នុងវិជ្ជាជីវៈរបស់ខ្លួនចំនួន០៦ខែ ដែលមុខវិជ្ជាសំខាន់ៗទាំងអស់នឹងត្រូវបង្រៀនដោយសាស្ត្រាចារ្យ និងជំនាញការជាន់ខ្ពស់ខ្មែរ និងបរទេស ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ទាល់ ។
បច្ចុប្បន្ន ក្នុងចំណោមបេក្ខជនដែលប្រឡងជាប់ជាអធិការ និងអភិបាលហិរញ្ញវត្ថុជំនាន់ទី១នោះ មានមួយចំនួនបាន និងកំពុងកាន់កាប់មុខតំណែងនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាទិ៍ ៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមឧកញ៉ាបណ្ឌិត ប៉ែន សំអាត អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ…។ល៕