នៅទីបំផុត កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ លោក អ៊ុក រី ដែលជាអភិបាលបណ្តោះអាសន្ននៃកូនបំណុលក្រុមហ៊ុន King Technologies Co.,Ltd. ហៅថា Opennet បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា អតិថិជនទាំងអស់របស់ក្រុមហ៊ុន Opennet ត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុន Ezecom Co.,Ltd. ជាផ្លូវការ ។
ដំណើរការផ្ទេរអតិថិជនរបស់ក្រុមហ៊ុន Opennet ដែលជាក្រុមហ៊ុនមានថៅកែធំជាជនជាតិវៀតណាមឈ្មោះ Dinh Quang Tuan បម្រើសេវាកម្ម Internet ប្រភេទ VoIP និង ISP នៅកម្ពុជាអស់រយៈពេលជាង១០ឆ្នាំទៅឲ្យក្រុមហ៊ុន Ezecom Co.,Ltd.ដូច្នេះ គឺបន្ទាប់ពីក្រុមហ៊ុន Opennet ជាប់ក្នុងសំណុំរឿងក្ស័យធននៅស្ថាប័នតុលាការក្រោមបណ្តឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងក្នុងខណៈក្រុមហ៊ុន Opennet នៅជំពាក់បំណុលរដ្ឋចំនួនជាង១០លានដុល្លារអាមេរិក ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចតែងតាំងលោក អ៊ុក រី ជាអភិបាលបណ្តោះអាសន្នក្នុងសំណុំរឿងក្ស័យធនទល់នឹងក្រុមហ៊ុន Opennet នេះ ។
សូមបញ្ជាក់ជូនដែរថា ក្រុមហ៊ុន Ezecom Co.,Ltd. គឺជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវា Internet ប្រភេទ ISP ពីក្រសួង MPTC ៕